បាតុភូតអាកាសធាតុឡានីណានាំមកនូវអាកាសធាតុត្រជាក់ដល់ប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ -- ប្រទេសថៃកំពុងជួបប្រទះនឹងអាកាសធាតុត្រជាក់ជាងរាល់ដង ដែលគេរំពឹងថានឹងអូសបន្លាយរហូតដល់ពាក់កណ្តាលខែកុម្ភៈ ដោយសារការរងឥទ្ធិពលពីបាតុភូតអាកាសធាតុឡានីណា (La Niña)។ រដូវក្តៅឆ្នាំនេះក៏ត្រូវបានគេរំពឹងថានឹងក្តៅតិចជាងឆ្នាំមុនៗដែរ។
លោក ចេសសាដា ដេនដួងបូរីប៉ាន់ (Jessada Denduangboripant) អ្នកជំនាញបរិស្ថានមកពីសាកលវិទ្យាល័យជូឡាឡុងកនបានកត់សម្គាល់ថា ប្រទេសថៃបានឈានចូលដំណាក់កាលនៃបាតុភូតអាកាសធាតុឡានីណាកាលពីខែមុន។
នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក លោក ចេសសាដា បានយោងទៅលើសេចក្តីថ្លែងការណ៍ថ្មីមួយរបស់នាយកដ្ឋានឧតុនិយមថៃដែលបានព្យាករណ៍ថា សីតុណ្ហភាពត្រជាក់នឹងបន្តរហូតដល់ពាក់កណ្តាលខែកុម្ភៈ បន្ទាប់ពីនោះរដូវក្តៅនឹងខិតជិតមកបន្តិចម្តងៗ។
ឥទ្ធិពលរបស់បាតុភូតអាកាសធាតុឡានីណាត្រូវបានគេរំពឹងថានឹងនាំមកនូវខ្យល់បក់ខ្លាំងពីភាគខាងត្បូង និងភាគអាគ្នេយ៍ឆ្លងកាត់ប្រទេសថៃ អមដោយសំណើមខ្ពស់ និងការកើនឡើងនូវលទ្ធភាពនៃព្យុះផ្គររន្ទះនៅចន្លោះខែកុម្ភៈ និងខែឧសភាផងដែរ។ សីតុណ្ហភាពក្នុងខែមីនា និងមេសា ត្រូវបានព្យាករណ៍ថានឹងទាបជាងធម្មតា ដោយសារការកើនឡើងនៃសំណើម និងទឹកភ្លៀង។
លោក ចេសសាដា បាននិយាយបន្ថែមថា ខែមេសា និងខែឧសភា ទំនងជានឹងមានភ្លៀងធ្លាក់ខ្ពស់ច្រើនជាងឆ្នាំមុនៗ ដោយភ្លៀងធ្លាក់រាយប៉ាយបន្តរហូតដល់ខែមិថុនា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





