ភ្លៀងធ្លាក់ខ្លាំងសម្លាប់មនុស្ស ១១នាក់នៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ -- អាជ្ញាធរក្នុងតំបន់បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១១នាក់ រួមទាំងមនុស្ស ៩នាក់ដែលបានស្លាប់នៅក្នុងការរអិលបាក់ដីនៅតំបន់ជ្រលងភ្នំនៃរដ្ឋ Minas Gerais អំឡុងពេលព្រឹកព្រលឹម។
យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យរបស់រដ្ឋ បានឱ្យដឹងថា ការរអិលបាក់ដីបានសម្លាប់មនុស្ស ៩នាក់ និងបាត់ខ្លួនម្នាក់នៅក្នុងទីក្រុង Ipatinga ។ទីក្រុងនេះរងការវាយប្រហារទាំងការរអិលបាក់ដី និងទឹកជំនន់ បន្ទាប់ពីភ្លៀងធ្លាក់ក្នុងកម្រិត ៨០មីលីម៉ែត្រក្នុងមួយម៉ែត្រការ៉េបានធ្លាក់ចុះមកក្នុងរយៈពេលតិចជាងមួយម៉ោង។ ជាការឆ្លើយតប មន្ត្រីមូលដ្ឋានបានប្រកាសពីស្ថានភាពនៃគ្រោះមហន្តរាយសាធារណៈរយៈពេល ១៨០ថ្ងៃ។
នៅក្នុងសារវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក រ៉ូមូ ហ្សេម៉ា (Romeu Zema) អភិបាលរដ្ឋ Minas Gerais បានប្រកាសថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុង Ipatinga ដើម្បីវាយតម្លៃគ្រោះមហន្តរាយ និងរៀបចំលំនៅដ្ឋានបណ្តោះអាសន្នប្រកបដោយសុវត្ថិភាពសម្រាប់អ្នកដែលផ្លាស់ទីលំនៅ។
ទន្ទឹមនឹងនោះ នៅទីក្រុង Santa Catarina ភ្លៀងធ្លាក់ខ្លាំងបានបោកបក់ទៅកាន់ផ្នែកនៃផ្លូវហាយវេ ដោយបានសម្លាប់មនុស្ស ២នាក់ និងបាត់ខ្លួនម្នាក់។ រដ្ឋាភិបាលរដ្ឋបានរាយការណ៍ថាមានភ្លៀងធ្លាក់ក្នុងកម្រិត១២១,៤មីលីម៉ែត្រក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដែលនាំទៅដល់ការបិទផ្លូវ។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យប្រតិបត្តិការជួយសង្គ្រោះ និងជួសជុលផ្លូវដែលខូចខាត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





