ក្រុមហ៊ុន Air Serbia បើកជើងហោះហើរត្រង់ទៅកាន់ទីក្រុងស៊ាងហៃ ប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ -- ជើងហោះហើរត្រង់ដំបូងបង្អស់របស់ក្រុមហ៊ុន Air Serbia ពីទីក្រុងប៊េលហ្គ្រាដ ទៅកាន់ទីក្រុងស៊ាងហៃ ប្រទេសចិន បានចេញដំណើរហើយពីអាកាសយានដ្ឋានNikola Tesla។
ប្រធានាធិបតីស៊ែប៊ី លោក អាឡិចសាន់ដឺ វូស៊ីក (Aleksandar Vucic)ដែលបានចូលរួមក្នុងពិធីនេះ បានលើកឡើងពីសារៈសំខាន់នៃការតភ្ជាប់ដោយផ្ទាល់ជាមួយប្រទេសចិន ទាក់ទងនឹងការរីកលូតលាស់នៃទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍។
លោកប្រធានាធិបតីបានកត់សម្គាល់ថា ពាណិជ្ជកម្មរបស់ប្រទេសស៊ែប៊ីជាមួយប្រទេសចិនបានឈានដល់ជិត ៧ប៊ីលានអឺរ៉ូ (៧,១៨ប៊ីលានដុល្លារអាម៉េរិក) ក្នុងឆ្នាំ២០២៤ ដោយមានភ្ញៀវទេសចរចិនប្រមាណ១៤៧.០០០នាក់មកទស្សនាប្រទេសនេះ។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស៊ែប៊ី លោក លី មីង (Li Ming) បាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា ជើងហោះហើរថ្មីនេះ គឺជាជំហានដ៏សំខាន់មួយដើម្បីពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការសម្របសម្រួលការផ្លាស់ប្តូរបុគ្គលិក និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងពីរ។
ជើងហោះហើរដំបូងបានចាកចេញពីទីក្រុងប៊េលហ្គ្រាដ នៅម៉ោង០០:៤៥នាទីព្រឹក (ម៉ោងក្នុងស្រុក) ដោយដឹកអ្នកចូលរួមវ័យក្មេងជាង១០០នាក់នៅក្នុងកម្មវិធីផ្លាស់ប្តូរនិស្សិតរវាងប្រទេសស៊ែប៊ី និងប្រទេសចិន។
នេះគឺជាជើងហោះហើរត្រង់ទី៣ របស់ក្រុមហ៊ុន Air Serbia ទៅកាន់ប្រទេសចិន។ ក្រុមហ៊ុនអាកាសចរណ៍បានប្រកាសថា ជើងហោះហើរនេះនឹងដំណើរការ ២ដងក្នុងមួយសប្តាហ៍ ដោយចេញដំណើរពីទីក្រុងបែលហ្គា្រដ នៅថ្ងៃអង្គារ និងថ្ងៃសៅរ៍ និងពីទីក្រុងស៊ាងហៃនៅថ្ងៃពុធ និងថ្ងៃអាទិត្យ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





