មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ៖ សំណុំឯកសារផ្ទាល់ខ្លួនរបស់អ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវបានរក្សាទុកសម្ងាត់បំផុត
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥--
យោងមាត្រា ២០ «ការរក្សាទុកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល» នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ កថាខណ្ឌទី១ ចែងយ៉ាងច្បាស់ថា «សំណុំឯកសារផ្ទាល់ខ្លួនម្នាក់ៗនៃអ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវបានរក្សាទុកសម្ងាត់បំផុត និងធ្វើជាទម្រង់អេឡិចត្រូនិកដោយមានលេខសម្ងាត់ ឬធ្វើជាលិខិតជាពីរច្បាប់តាមគំរូដែលកំណត់ដោយអង្គភាពប្រឆាំងអំពើពុករលួយ ហើយដាក់ក្នុងស្រោមសំបុត្រពីរដាច់ដោយឡែកពីគ្នា ដែលមួយច្បាប់រក្សាទុកដោយសាមីខ្លួន និងមួយច្បាប់ទៀតរក្សាទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្ដម ខូយ លឹមហុង ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបន្ទុកជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការងារសវនកម្ម និងការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល។

ថ្លែងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដមបានបញ្ជាក់បន្ថែមថា លើមាត់ស្រោមសំបុត្រដែលបិទជិត ត្រូវប្រថាប់ត្រា និងចុះហត្ថលេខាដោយប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឬតំណាងព្រមទាំងមានផ្តិតម្រាមដៃសាមីខ្លួនផង។

ដោយឡែក លោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងដែរថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល បានចំនួន ១៧៥៧៤ រូប ស្មើនឹង ៧៧,១៦% នៃចំនួនត្រូវប្រកាសសរុប ២២៧៧៦ រូប៕

ដោយ៖ ម៉ាដេប៉ូ





