ពិធីបិទសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីពិធីបិទសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដល់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ អាចារ្យគណៈកម្មការវត្តទូទាំងរាជធានីភ្នំពេញ នៅសាលាអនុគណខណ្ឌព្រែកព្នៅ វត្តចន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដោយមានការនិមន្ត និងអញ្ជើញចូលរួមដោយសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះមេគណរាជធានីភ្នំពេញ សម្តេចព្រះបាឡាត់គណរាជធានីភ្នំពេញ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា លោកជំទាវ តិមា វិច្ឆិកា អភិបាលរង តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រះមេគណ ព្រះគ្រូអនុគណ រាជធានីភ្នំពេញទាំង១៤ខណ្ឌ ព្រះមន្ត្រីសង្ឃទាំងពីរគណៈ អាចារ្យគណៈកម្មការវត្ត ប្រជាពុទ្ធបរិស័ទ ជាច្រើនអង្គ/នាក់។

បន្ទាប់ពីសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះបាឡាត់គណរាជធានីភ្នំពេញ មានព្រះថេរដីកាផ្សព្វផ្សាយសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ រួចមក សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះបាឡាត់គណរាជធានីភ្នំពេញ មានព្រះថេរដីកាអាន សេចក្តីសម្រេចសង្ឃប្រកាស សង្ឃសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដែលបានក្រើនរំលឹកដល់ព្រះមន្រ្តីសង្ឃ សមណសិស្សគ្រប់អង្គ ឱ្យមានស្មារតីភ្ញាក់រលឹក ប្រកាន់ខ្ជាប់នូវការបដិបត្តិធម៌វិន័យ ខិតខំព្យាយាមសិក្សារៀនសូត្រឱ្យក្លាយជាសមណសក្យបុត្រ ដែលជាបុត្រដ៏ប្រពៃរបស់ព្រះសម្មាសម្ពុទ្ធ និងធ្វើខ្លួនឱ្យជាស្រែបុណ្យដ៏ល្អដល់ពុទ្ធបរិស័ទ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងត្រូវចូលរួមលើកកម្ពស់កិត្យានុភាព តម្លៃ និងសេចក្តីថ្លៃថ្នូរ របស់ព្រះសង្ឃពុទ្ធសាសនា ព្រមទាំងរក្សាការពារ និងលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស ស្ថិតស្ថេរចីរកាល ។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ ហើយនេះ ជាតថភាពមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីគុណតម្លៃនៃសាមគ្គីភាព និងភាពសុខដុមរមនាសាសនានៅកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព ធ្វើឱ្យសាសនាទាំងអស់រស់នៅរួមគ្នា ប្រកបដោយសុខក្សេមក្សាន្ត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងធម្មការ និងសាសនា សូមឯកភាពជាមួយគណៈសង្ឃនាយក និងសូមថ្វាយបង្គំស្នើដល់គណៈសង្ឃនាយក ណែនាំដល់ព្រះចៅអធិការគ្រប់វត្ត ពង្រឹងនូវធម៌វិន័យ ដល់ភិក្ខុ សាមណេរ សមទៅនឹងអភិក្រម៥របស់ព្រះពុទ្ធសាសនារួមមាន ៖ ១. បព្វជ្ជា (ការបួស) ២ . បរិយត្តិ (ការសិក្សា) ៣. បដិបត្តិ ( ការប្រតិបត្តិ) ៤. បដិវេធៈ(លទ្ធផល) និង៥. បព្វាជនីយកម្ម (ការដាក់ទោស ឬ បញ្ចប់ភារកិច្ច) និងបន្តថែរក្សាឱ្យបានអភិក្រម ស៣ របស់ក្រសួងធម្មការ និងសាសនា សម្រាប់វត្តអារាម គឺ វត្តស្អាត វត្តស្ងប់ និងវត្តស្វាង ដើម្បីឱ្យសាកសមជារាជធានានី ដែលកំពុងមានសក្តានុពលផ្នែកទេសចរណ៍ វប្បធម៌និងសាសនា។ ពិនិត្យណែនាំដល់ ភិក្ខុ សាមណេរណា ដែលប្រើប្រាស់បណ្តាញសង្គម បង្ហោះវីដេអូផ្សេងៗដែលប្រាស់ចាកពីធម៌វិន័យជាព្រះសង្ឃ ដែលធ្វើប៉ះពាល់ដល់តម្លៃនៃព្រះពុទ្ធសាសនា និងជៀសវាងការចែករំលែកនូវសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងធម្មការ)





