អង្គភាពប្រឆាំងអំពើពុករលួយ៖ លឿនជាងការគ្រោងទុក ក្រសួង-ស្ថាប័នចំនួន១ និងខេត្តចំនួន ០៧ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន១០០ភាគរយ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែ មករា ឆ្នាំ២០២៥-- ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានចុះពិនិត្យមើលកន្លែងទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសួរសុខទុក្ខថ្នាក់ដឹកនាំមន្រ្តីនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលកំពុងបំពេញការងារថ្ងៃចុងសប្តាហ៍។

ក្នុងឱកាសនោះ លោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងថា មកទល់ពេលនេះ ក្រសួង-ស្ថាប័នចំនួន ០១ និងខេត្តចំនួន ០៧ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ១០០ ភាគរយ រួមមាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខេត្តប៉ៃលិន កំពង់ចាម ព្រៃវែង កំពង់ស្ពឺ មណ្ឌលគិរី កំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះអង្គភាពប្រឆាំងអំពើពុករលួយបានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ចូលរួមបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និបំណុល ឱ្យបានចប់ ១០០ភាគរយ តាមកម្មវិធីដែលបានកំណត់។

លោកបានបញ្ជាក់បន្ថែមថា ពីម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ៣៣ រូប ធ្វើឲ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ ចំនួន ១៣,១៩៤ រូប ស្មើនឹង ៥៧,៩២ % នៃចំនួនត្រូវប្រកាសសរុប ២២,៧៧៦ រូប។

គួរបញ្ជាក់ថា ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ឆ្នាំ២០២៥ មានរយៈពេល១ខែពេញ គិតចាប់ថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ចាប់ផ្ដើមពីម៉ោង០៨៖០០ ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)៕
ដោយ៖ ដេប៉ូ





