ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥--
ព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដើម្បីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា បានបិទបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នៅសាលានាយទាហានសកម្ម ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍ត្រី ហួរ ម៉េងហួង នាយកសាលានាយទាហានសកម្ម បានថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានរៀបចំឱ្យមានកម្មវិធីប្រកួតកីឡានេះឡើង បញ្ចូលក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ និងមហាជន ក្នុងកម្រិតថ្នាក់ជាតិប្រកបដោយជោគជ័យ ធ្វើឱ្យព្រឹត្តការណ៍នេះកាន់តែរីកផុសផុល បណ្តាកងឯកភាពដែលបានចូលរួមបង្ហាញពីសមត្ថភាព អង់អាចក្លាហាន មោះមុត កាយសម្បទាមាំមួន។

តាមរបាយការណ៍ ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទបានធ្វើជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំ២០២៥នេះ មានអង្គភាពចំនួន២០ បានមកចូលរួមប្រកួតស្មើនឹង៧៤ក្រុម ក្នុងនោះមាន៦ក្រុម ជាកីឡាការនី និងមានកីឡាករសរុប៦៦៦នាក់ ប្រៀបធៀបទៅនឹងឆ្នាំ២០២៤ កម្លាំងចូលរួមមានការកើនឡើងចំនួន៥អង្គភាព ស្មើចំនួន២៨ក្រុម សរុបកីឡាករ២៥២នាក់។ ចំពោះវិញ្ញាសាដែលត្រូវប្រកួតរួមមាន វិញ្ញាសារត់ប្រដាប់អាវុធ សែងហ្រ្វង់ការ បាញ់ និងចោលគ្រាប់បែក ហែលទឹក រត់ឆ្លងកាត់ឧបសគ្គ អូសរថយន្ត និងក្បាច់គុនកងយោធពលខេមរភូមិន្ទ ដោយលទ្ធផលចំណាត់ថ្នាក់លេខ១មាន៩ក្រុម លេខ២ចំនួន៨ក្រុម និងលេខ៣ចំនួន៧ក្រុម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់សាលានាយទាហានសកម្ម គណៈកម្មការរៀបចំការប្រកួត បណ្តាអង្គភាពពាក់ព័ន្ធ ក្រុមការងារ គ្រូបង្វឹក និងក្រុមកីឡា ដែលបានសហការរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជាប្រវត្តិសាស្ត្រ នៃជ័យជម្នះ ៧មករា ១៩៧៩ ដែលបានដំណើរការទទួលលទ្ធផលល្អគួរជាទីមោទនៈ។
ការរៀបចំប្រកួតកីឡាកងយោធពលខេមរភូមិន្ទពេលនេះ គឺជាឱកាសមួយសម្រាប់ប្រាស្រ័យទាក់ទងគ្នា គោរពគ្នា សួរសុខទុក្ខគ្នា និងក៏បង្ហាញពីសមត្ថភាព កាយសម្បទា និងការរូបរួមកម្លាំងរឹតចំណងមិត្តភាព សាមគ្គីភាព និងការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងចំណោមអង្គភាពនានានៃកងយោធពលខេមរភូមិន្ទ។ ឯកឧត្តមបានបន្តថា ក្រោមម្លប់សន្តិភាព កម្ពុជាអាចរៀបចំពិធីប្រកួតកីឡាថ្នាក់ជាតិ អន្តរជាតិជាច្រើន ដើម្បីរឹតចំណងមិត្តភាព ការផ្សព្វផ្សាយសន្តិភាព ការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគពីបរទេស។
កន្លងមករាជរដ្ឋាភិបាលបានខិតខំវិនិយោគលើវិស័យកីឡាគ្រប់ប្រភេទឱ្យមានការរីកចម្រើន និងបានយកចិត្តទុកដាក់ពង្រឹង កសាងពហុកីឡដ្ឋានខ្នាតអន្តរជាតិនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តផងដែរ។ ឯកឧត្តមបានផ្តាំផ្ញើដល់គ្រប់កងឯកភាពនៃកងយោធពលខេមរភូមិន្ទ បន្តខិតខំរៀបចំថ្នាលបណ្តុះបណ្តាលកីឡា និងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា ព្រមទាំងមានកាលវិភាគច្បាស់លាស់ មានគ្រូបង្វឹក ថែទាំកីឡាករ និងហ្វឹកហាត់ឱ្យបានល្អ ដើម្បីសុខភាពរឹងមាំ បង្កើនបានថាមពលកាយសម្បទា បំពេញភារកិច្ចទទួលបានជោគជ័យ និងការចេញទៅប្រកួតយកមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិនានា។

ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គមេបញ្ជាការ បានអញ្ជើញផ្តល់ពានរង្វាន់ដល់កីឡាករចំណាត់ថ្នាក់លេខ១ ចំនួន៩ក្រុម ដោយក្នុង១ក្រុម ថវិកា៥លានរៀល ចំណាត់ថ្នាក់លេខ២ចំនួន ៨ក្រុម ក្នុង១ក្រុម ថវិកា៣លានរៀល ចំណាត់ថ្នាក់លេខ៣ចំនួន៧ក្រុម ក្នុងមួយក្រុមថវិកា២លានរៀល សរុបថវិកាចំនួន៨៣លាន ក្រោមការជួយឧបត្ថម្ភរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក៕
ដោយ សំ សាម៉ន





