មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវណែនាំដល់មន្រ្តីក្រោមឱវាទកុំឱ្យយកខ្លួនទៅពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ
AKP តាកែវ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥--
នៅសាលប្រជុំរដ្ឋបាលស្រុកអង្គរបូរី ខេត្តតាកែវ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គរបូរីថ្មី កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ដោយតែងតាំងលោកវរសេនីយ៍ត្រី ស៊ូ ពិសិដ្ឋ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរបូរីថ្មី ជំនួសលោកវរសេនីយ៍ឯក ម៉ៅ ញឹម ត្រូវបានចូលនិវត្តន៍ និងដោយមានអញ្ជើញចូលរួមជាអធិបតីពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ រួមនឹងថ្នាក់ដឹកនាំរដ្ឋបាលស្រុកអង្គរបូរី មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងស្រុកអង្គរបូរី។

ក្នុងពិធីសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការដាស់តឿនដល់មន្រ្តីអាវុធហត្ថទាំងអស់ ត្រូវបំពេញភារកិច្ចរបស់ខ្លួនឱ្យចំគោលដៅ ដោយក្នុងនោះត្រូវចូលរួមទប់ស្កាត់រាល់បទល្មើសនានា កុំឱ្យកើតមានឡើងដើម្បីធ្វើយ៉ាងណារក្សាសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ សមត្ថកិច្ចកងរាជអាវុធហត្ថត្រូវតែចូលរួមធ្វើសកម្មភាពឱ្យបានខ្លាំងក្លាក្នុងការបង្រ្កាបក្រុមចោរលួច ចោរប្លន់ ក្រុមអ្នកប្រើប្រាស់ចែកចាយគ្រឿងញៀន បង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលល្បែងនេះនាំឱ្យមានបញ្ហាអសន្តិសុខក្នុងសង្គម។

តាមរយៈសកម្មភាពរបស់កងរាជអាវុធហត្ថ នឹងនាំឱ្យភូមិឃុំរបស់បងប្អូនប្រជាពលរដ្ឋក្លាយជាភូមិឃុំមានសុវត្ថិភាព គ្មានបងតូចបងធំគ្មានការប្រើប្រាស់គ្រឿងញៀន ជាពិសេសនឹងនាំឱ្យបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គ្មានការព្រួយបារម្ភរឿងសន្តិសុខសុវត្ថិភាពនោះទេ។ ក្នុងឱកាសនោះដែរ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវបានធ្វើការណែនាំដល់មន្រ្តីកងរាជអាវុធហត្ថទាំងអស់ ត្រូវធ្វើយ៉ាងណាកុំយកខ្លួនទៅពាក់ព័ន្ធនឹងអំពើខុសច្បាប់ឱ្យសោះ ដូចជាទៅកាងឱ្យអ្នករកស៊ីបើកល្បែងខុសច្បាប់ ឬអ្នករកស៊ីគ្រឿងញៀន ដែលទង្វើទាំងអស់នេះជាទង្វើខុសច្បាប់។ ហើយប្រសិនបើមានមន្រ្តីណាម្នាក់ប្រព្រឹត្តខុសច្បាប់ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដោយគ្មានការលើកលែងនោះទេ៕

ដោយ អ៊ុច សៀង





