កុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋនៅស្រុកសូទ្រនិគមទទួលបានកង់សម្លៀកបំពាក់ និងសម្ភារសិក្សាពីមន្ទីរការងារ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥--
ដើម្បីលើកកម្ពស់កិច្ចគាំពារ និងការទប់ស្កាត់ពលកម្មកុមារ នៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកសូទ្រនិគម បានចែកកង់ សម្លៀកបំពាក់ និងសម្ភារសិក្សាដល់សិស្សសាលាដែលជាកុមារគោលដៅរបស់គម្រោងកិច្ចអន្តរាគមន៍ស្នូលសម្រាប់ឆ្នាំ២០២៤ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ នៅស្រុកសូទ្រនិគម ចំនួន៤០នាក់។

លោកស្រី ប៊ុន ច្រិប អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់កុមារ និងការពារកុមារពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងក្នុងដំណើរឆ្ពោះទៅបញ្ចប់ពលកម្មកុមារនៅឆ្នាំ២០២៥ ដែលស្របនឹងគោលដៅអភិវឌ្ឍន៍សកលប្រកបដោយចីរភាព។ ការចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារគឺទទួលបានការគាំទ្រពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់កុមារគោលដៅនៅក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ គឺមានពីរគោលដៅបានសរុបចំនួន៦០នាក់ ដោយឡែកនៅក្នុងស្រុកសូទ្រនិគមនាពេលនេះគឺមានចំនួន៤០នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាវត្តសីលាក្នុងឃុំដានរុន និងបានចែកជូនកុមារមានចំនួន២០នាក់ផងដែរ។

លោកជំទាវ យូ សុភា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បានមានប្រសាសន៍ថា ពលកម្មកុមារគឺជាបញ្ហាដែលមានលក្ខណៈសកល ហើយនៅតែបន្តកើតមានអាស្រ័យកត្តាសំខាន់បី គឺការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស ក្នុងនោះប្រទេសកម្ពុជារបស់យើងក៏បានទទួលរងនូវវិបត្តិនេះផងដែរ ដែលធ្វើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មានការព្រួយបារម្ភជាខ្លាំង។

ការកេងប្រវ័ញ្ចពលកម្មលើកុមារ គឺជាការប្រើប្រាស់ពលកម្មកុមារ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់សុខុមាលភាពរបស់កុមារ ការអប់រំ ការអភិវឌ្ឍ និងការរស់រានរបស់កុមារនៅថ្ងៃអនាគត។ មិនតែប៉ុណ្ណោះពលកម្មកុមារក៏ជាប្រភេទការងារទាំងឡាយណា ដែលបង្កឱ្យមានគ្រោះថ្នាក់ ការបំពាននានា និងការកេងប្រវ័ញ្ចញើសឈាមរបស់កុមារ ហើយធ្វើឱ្យកុមារឃ្លាតឆ្ងាយពីការអប់រំ (ធ្វើឱ្យបាត់បង់នូវឧត្តមប្រយោជន៍កុមារ ដូចជាសិទ្ធិរបស់ពួកគាត់ជាដើម)។ លោកជំទាវបន្តថា រដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយនាំមុខ ក្នុងចំណោមប្រទេសទាំង៥ ក្នុងពិភពលោក ដែលបានលុបបំបាត់ពលកម្មកុមារ និងមានលក្ខខណ្ឌការងារល្អប្រសើរ មានគោលនយោបាយច្បាស់លាស់ ក្នុងការប្រឆាំងនឹងពលកម្មកុមារ និងជាប្រទេសនាំមុខមធ្យម ក្នុងចំណោមប្រទេសនាំមុខទាំង១៣ នៅលើពិភពលោក ក្នុងវឌ្ឍនភាពប្រឆាំងពលកម្មកុមារ៕
ដោយ ឃុត សៅ





