ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសគុយបា ដែលបានប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមជ្ឈមណ្ឌលឯកទេសព្យាបាលជំងឺមហារីក
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសគុយបា ដែលបានប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមជ្ឈមណ្ឌលឯកទេសព្យាបាលជំងឺមហារីក និងស្វាគមន៍ចំពោះការផ្លាស់ប្តូរនិងចែករំលែកជំនាញវេជ្ជសាស្ត្រ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥។

ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិបានទទួលជំនួបសម្តែងការគួរសមរបស់លោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសគុយបា និង ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីគុយបា នៅកម្ពុជា ក្នុងឆ្នាំ២០២២ ដែលបានផ្តល់គុណតម្លៃយ៉ាងខ្លាំងបន្ថែមដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងគុយបា។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ឯកអគ្គរដ្ឋទូត បានកោតសរសើរដល់វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា ក្នុងវិស័យសុខាភិបាល កសិកម្ម អប់រំ កីឡា និងការផ្លាស់ប្តូរ ព័ត៌មាន ព្រមទាំងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីការប្រារព្ធខួប លើកទី៦៥ នៃទំនាក់ទំនងការទូតរវាង កម្ពុជា និងគុយបា តាមរយៈការរៀបចំសកម្មភាពរួមគ្នានានា ប្រកបដោយអត្ថន័យខ្លឹមសារ។ ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍រួម និងបានបញ្ជាក់ជាច្រើនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តគាំទ្រគ្នាទៅវិញ ទៅមកនៅលើឆាកអន្តរជាតិ៕

ដោយ៖ ជឹម ណារី





