ក្រសួងអប់រំ យុវជន និងកីឡា ជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកអប់រំចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥-- ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់បុគ្គលិកអប់រំដែលកំពុងបម្រើការនៅតាមសាលាគរុកោសល្យ និងវិក្រឹតការ និងវិទ្យាស្ថានគរុកោសល្យថា កម្មវិធីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសអប់រំបឋមសិក្សានៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដែលជាការផ្តួចផ្តើមរបស់ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូ ដោយមានការគាំទ្រពីមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) កម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជាដំណាក់កាលទី២ (STEPCam PhaseII) បានផ្តល់អាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសអប់រំបឋមសិក្សាចំនួន២០កន្លែង ឬច្រើនជាងនេះតាមការចាំបាច់ មានរយៈពេល២ឆ្នាំ នឹងធ្វើឡើងក្នុងឆ្នាំ២០២៥ និង២០២៦។
ក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើសបុគ្គលិកអប់រំកំពុងបម្រើការនៅតាមសាលាគរុកោសល្យ និងវិក្រឹតការ និងវិទ្យាស្ថានគរុកោសល្យ ដែលពុំទាន់មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬមានសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ តែខុសឯកទេសបង្រៀនឱ្យបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ។ វគ្គសិក្សានេះនឹងចាប់ផ្តើមពី ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ ថ្លៃសិក្សា អាហារ ការស្នាក់នៅ និងសោហ៊ុយធ្វើដំណើរជាបន្ទុករបស់កម្មវិធីការពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជាដំណាក់កាលទី២ (GPE5/STEPCam Phase II)។
ចំពោះលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រអប់រំ ឬសញ្ញាបត្រសមមូល ជាបុគ្គលិកអប់រំដែលកំពុងបម្រើកការងារនៅសាលាគរុកោសល្យ និងវិក្រឹតការ និងវិទ្យាស្ថានគរុកោសល្យមានអាយុមិនលើស៥០ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ៕



ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





