ឥណ្ឌា និងប៉ាគីស្ថាន ផ្លាស់ប្តូរបញ្ជីទីតាំងនុយក្លេអ៊ែរ និងអ្នកទោស
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ -- ក្រសួងការបរទេសឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសឥណ្ឌា និងប៉ាគីស្ថានបានផ្លាស់ប្តូរបញ្ជីទីតាំងនុយក្លេអ៊ែររបស់ពួកគេ និងអ្នកទោសនៅក្នុងមន្ទីរឃុំឃាំងគ្នាទៅវិញទៅមក។
សេចក្តីថ្លែងការណ៍បាននិយាយថា «ប្រទេសឥណ្ឌា និងប៉ាគីស្ថានបានផ្លាស់ប្តូរតាមរយៈបណ្តាញការទូតក្នុងពេលដំណាលគ្នារវាងទីក្រុងញូវដេលី និងទីក្រុងអ៊ីស្លាម៉ាបាដនៃបញ្ជីក្នុងការការដំឡើងនុយក្លេអ៊ែរ និងទីតាំងនុយក្លេអ៊ែរ ស្ថិតក្រោមកិច្ចព្រមព្រៀងស្តីពីការហាមឃាត់ការវាយប្រហារប្រឆាំងនឹងការដំឡើងនុយក្លេអ៊ែរ និងឧបករណ៍រវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន»។
កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ១៩៨៨ និងចូលជាធរមានក្នុងឆ្នាំ១៩៩១ តម្រូវឱ្យប្រទេសឥណ្ឌា និងប៉ាគីស្ថាន ជូនដំណឹងគ្នាទៅវិញទៅមកអំពីទីតាំងនុយក្លេអ៊ែររបស់ពួកគេ ដើម្បីការពារការវាយប្រហារដោយគ្មានការអនុញ្ញាតលើទីតាំងទាំងនោះ។ នេះត្រូវបានគេមើលឃើញថាជាវិធានការសំខាន់បំផុតមួយក្នុងគោលបំណងរក្សាសន្តិសុខក្នុងតំបន់។
យោងតាមក្រសួងការបរទេសឥណ្ឌា បានឱ្យដឹងថា ទីក្រុងញូវដេលីនិងទីក្រុងអ៊ីស្លាម៉ាបាដ ក៏បានផ្លាស់ប្តូរ «បញ្ជីអ្នកទោសស៊ីវិល និងអ្នកនេសាទនៅក្នុងមន្ទីរឃុំឃាំងគ្នាទៅវិញទៅមក»។
ក្រសួងបាននិយាយថា «ប្រទេសឥណ្ឌាបានចែករំលែកឈ្មោះអ្នកទោសស៊ីវិលចំនួន ៣៨១នាក់ និងអ្នកនេសាទ ៨១នាក់នៅក្នុងមន្ទីរឃុំឃាំងរបស់ខ្លួនដែលត្រូវបានគេជឿថាជាជនជាតិប៉ាគីស្ថាន។ ស្រដៀងគ្នានេះដែរប្រទេសប៉ាគីស្ថានបានចែករំលែកឈ្មោះអ្នកទោសស៊ីវិលចំនួន ៤៩នាក់ និងអ្នកនេសាទ ២១៧នាក់នៅក្នុងមន្ទីរឃុំឃាំងរបស់ខ្លួន ដែលត្រូវបានគេជឿថាជាជនជាតិឥណ្ឌា។ «រដ្ឋាភិបាលឥណ្ឌាបានអំពាវនាវឱ្យមានការដោះលែងនិងធ្វើមាតុភូមិនិវត្តន៍ឆាប់ៗចំពោះអ្នកទោសស៊ីវិល អ្នកនេសាទ រួមជាមួយនឹងទូករបស់ពួកគេ និងបុគ្គលិកការពារជាតិឥណ្ឌាដែលបាត់ខ្លួនពីការឃុំឃាំងរបស់ប្រទេសប៉ាគីស្ថាន»។
ប្រទេសឥណ្ឌា និងប៉ាគីស្ថាន តែងតែចាប់ជនជាតិរបស់គ្នាទៅវិញទៅមក ជាពិសេសអ្នកនេសាទ ពីបទឆ្លងព្រំដែនដោយខុសច្បាប់៕
ដោយ៖ មូល មិនា (ប្រភព៖ តាសស៍)





