ប្រធានអគ្គសេនាធិការចម្រុះអំពាវនាវឱ្យមានជំហរត្រៀមខ្លួនជាស្រេចប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ -- ប្រធានអគ្គសេនាធិការចម្រុះ(JCS) កាលពីថ្ងៃពុធបានអំពាវនាវឱ្យមានជំហរត្រៀមខ្លួនជាស្រេចប្រឆាំងនឹងការបង្កហេតុដែលអាចកើតមានរបស់ប្រទេសកូរ៉េខាងជើង ដោយលោកបានសង្កត់ធ្ងន់លើតម្រូវការដើម្បីធ្វើការឆ្លើយតបដ៏ខ្លាំងក្លាប្រសិនបើទីក្រុងព្យុងយ៉ាងធ្វើឱ្យមានការឈ្លានពាន។
យោងតាម JCS បានឱ្យដឹងថា លោក គីម យ៉ុងស៊ូ (Kim Myung-soo) បានសន្ទនាតាមទូរស័ព្ទរបស់លោកជាមួយមេបញ្ជាការនៅអង្គភាពប្រតិបត្តិការសំខាន់ៗ រួមទាំងមេបញ្ជាការកងវរសេនាតូចទូទៅ (GOP) នៅកងពលធំថ្មើរជើងទី២៥ និងមេបញ្ជាការនៃអង្គភាព Yeonpyeong ដែលទទួលបន្ទុកកោះព្រំដែនភាគខាងលិច។
លោក គីម បាននិយាយថា «យើងគួរតែរារាំងការគម្រាមកំហែងរបស់សត្រូវជាមួយនឹងឥរិយាបថប្រតិបត្តិការដោយយកចិត្តទុកដាក់។ប្រសិនបើសត្រូវចាប់ផ្តើមការបង្កហេតុ យើងគួរតែសងសឹកពួកគេយ៉ាងខ្លាំងក្លា ដើម្បីធ្វើឱ្យសត្រូវមានការសោកស្តាយ»។
កិច្ចសន្ទនារបស់លោកបានកើតឡើងចំពេលមានការព្រួយបារម្ភថាប្រទេសកូរ៉េខាងជើងអាចទាញយកផលប្រយោជន៍ពីវិបត្តិនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលបង្កឡើងដោយការប្រកាសច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតី លោក យូន ស៊ុកយុល (Yoon SukYeol) កាលពីថ្ងៃទី៣ ខែធ្នូ ដើម្បីបង្កជារឿងធំ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





