អភិបាលខេត្តកំពង់ធំលើកទឹកចិត្តដល់មន្ត្រីទាំងអស់ពង្រឹងសមត្ថភាពរបស់ខ្លួនខិតខំធ្វើការងារឱ្យអស់ពីសមត្ថភាព
AKP កំពង់ធំ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់មន្ត្រីទាំងអស់ពង្រឹងសមត្ថភាពរបស់ខ្លួនខិតខំធ្វើការងារឱ្យអស់ពីសមត្ថភាព រក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុង និងគោរពវិន័យការងារឱ្យបានល្អប្រសើរថែមទៀត ក្នុងឱកាសឯកឧត្តមអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តកំពង់ធំកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត។

ឯកឧត្តមបានបន្តថា អង្គភាពមួយមានការរីកចម្រើនបានលុះត្រាតែយើងពង្រឹងអភិបាលកិច្ចល្អ ដោយមន្ត្រីទាំងអស់រួមគ្នាពង្រឹងរបៀបរបបការងារជួយអភិវឌ្ឍសមត្ថភាពខ្លួនឱ្យរីកចម្រើន ធ្វើឱ្យប្រសិទ្ធភាពការងារល្អប្រសើរជាងមុនហើយកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពិតជាមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍឱ្យអង្គភាពមានការរីកចម្រើន។

ទន្ទឹមនឹងនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំជួយទប់ស្កាត់ការបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅក្នុងខេត្តកំពង់ធំ មានការថយចុះ ហើយបញ្ហាផ្សេងៗក៏មានការថយជាបន្តបន្ទាប់ ជាពិសេសរក្សាបាននូវសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។ នេះជាការទាក់ទាញភ្ញៀវទេសចរផងហើយសម្រាប់ភាពសុខដុមរមនាក្នុងសង្គមយើងផងដែរ៕

ដោយ ស៊ុម វណ្ណា





