ឯកឧត្តម គួច ចំរើន នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមនៅស្រុកព្រៃនប់
AKP ព្រះសីហនុ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ -- ឯកឧត្តម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញជួប សំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយ ខ្យល់កន្ត្រាក់ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមស្រុកព្រៃនប់ សរុបចំនួន ៣៥៦គ្រួសារ។

ពិធីចែកអំណោយបានរៀបចំនៅបរិវេណវត្តទឹកថ្លា ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មា ធិការសាខា លោកអភិបាលស្រុក ឧកញ៉ា មន្ត្រី និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។
លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បានរាយការណ៍ពីសកម្មភាពប្រជាពលរដ្ឋរង គ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៣ឃុំ គឺឃុំជើងគោ ១ខ្នងផ្ទះ, ឃុំទឹកល្អក់ ៧០ខ្នងផ្ទះ និង ឃុំទឹកថ្លា ១៥២ខ្នងផ្ទះ។ ដោយសារតែតំបន់នេះនៅតាមបណ្តោយផ្លូវជាតិលេខ៣ តែងតែ ទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ជារៀងរាល់ឆ្នាំ ដោយរងគ្រោះតិច ឬច្រើន ទៅតាម ស្ថានភាពនៃអាកាសធាតុ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចូលរួមរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ កន្ត្រាក់កាលពីចុងខែធ្នូ និងដើមខែមករា ឆ្នាំ២០២១នេះ ព្រមទាំងបានពាំនាំការ សាក សួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ខេត្តព្រះសីហនុ តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយមិនប្រកាន់វណ្ណ: ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោ បាយអ្វីឡើយ គឺសំដៅធ្វើយ៉ាងណាជួយ ប្រជាពលរដ្ឋឱ្យបាន ទាន់ពេលវេលា។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងកាកបាទក្រហម បានធ្វើសកម្មភាពជួយប្រជាពលរដ្ឋរងគ្រោះធម្មជាតិនានាពិសេស ខ្យល់កន្ត្រាក់នាពេលនេះ មានការខូចខាតតិច អ្នកខ្លះខូចខាតច្រើន។ រដ្ឋបាលខេត្តនឹងបន្តដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ននៅតាមមូលដ្ឋាន។
ឯកឧត្តម គួច ចំរើន បន្តទៀតថា មានប្រទេសប្រមាណជា២៩ បានចាប់ផ្តើម ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋរៀងៗខ្លួន ហើយថ្មីនេះជំងឺកូវីដ ១៩ ប្រភេទថ្មីបានកើតនៅប្រទេសអង់គ្លេស ដែលទាមទារឱ្យយើងទាំងអស់គ្នាចូលរួមទប់ស្កាត់ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទាំងអស់គ្នា។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលបានយក ចិត្តទុកដាក់ ប្រជាពលរដ្ឋខ្មែរ វិលត្រឡប់មកពីប្រទេសថៃ ដោយរៀបចំដឹកជញ្ជូន និងធ្វើចក្តាឡឺស័ក រយៈពេល ១៤ថ្ងៃ ដើម្បីធានាថា មិនមានការឆ្លងចូលសហគមន៍។
ឯកឧត្តម គួច ចំរើន បានសំណូមពរប្រជាពលរដ្ឋកុំឱ្យជឿឃោសនា របស់ក្រុម ក្រៅច្បាប់ ដែលបានឃោសនាឱ្យប្រជាពលរដ្ឋត្រៀមទទួលពួកគេ ដែលវិលត្រឡប់មក ប្រទេសកម្ពុជា ជាសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ ព្រោះអ្នកទាំងនោះ ជាអ្នកមានទោស តាមសាលដីការតុលាការរាជធានី ខេត្ត ប្រសិនបើពួកគាត់ចូលមកកម្ពុជា ត្រូវជួបបញ្ហា ប្រឈមពីរគឺ៖ ទី១.គឺត្រូវធ្វើចក្តាឡឺស័ករយ:ពេល ១៤ថ្ងៃ ជាមុនសិន។ ទី២.អនុវត្តន៍វិធាន ការច្បាប់ (ជនមានទោស) ពីបទញុះញង់ចង់ផ្តួលរំលំរាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលប្តេជ្ញា ការពាសន្តិភាព ព្រោះកម្ពុជាមានការឈឺចាប់ដោយសារសង្គ្រាម និងការបំផ្លិចបំផ្លាញខឿន សេដ្ឋកិច្ចជាតិជាយូរឆ្នាំមកហើយ។
ឯកឧត្តម គួច ចំរើន ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូល រួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងត្រូវផ្លាស់ប្ដូរទម្លាប់អនុវត្តន៍តាមការណែនាំ របស់ក្រសួងសុខាភិបាលត្រូវលាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុល ឱ្យបានញឹកញាប់ បើចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ ឬកន្សែង ដើម្បីធានាថា សហគមន៍យើង មិនមានការឆ្លងជំងឺកូវីដ-១៩។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានសំណូមពរប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ សូមជួយវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងបានថ្លែងអំណរគុណភ្ញៀវទេសចរដែល មកលេងកម្សាន្តខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល បានចូលរួម វេចខ្ចប់សំរាមបានល្អ ងាយស្រួលដល់ក្រុមការងារប្រមូលសម្អាត តាមឆ្នេរបានលឿន និងរៀបចំពាក្យស្លោក "អ្នកបោះសំរាមខ្ញុំរើស អ្នកសប្បាយខ្ញុំវេទនា" នេះជាសារក្រើនរម្លឹក ដល់ប្រជាពលរដ្ឋភ្ញៀវទេសចរចូលរួមសម្អាតអនាម័យបរិស្ថានទាំងអស់គ្នា។
អំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២២៣គ្រួសារ មកពី ៣ឃុំ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមស្រុកព្រៃនប់ ចំនួន ១៣៣នាក់ សរុប ៣៥៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ០១យួរ តង់០១ កន្ទេល ០១ ទឹកសុទ្ធ ០១កេស ឃីតមួយកញ្ចប់ (ក្រមា១ មុង១ ភួយ១ សារុង១) និងថវិកា ៥០,០០០រៀល ដោយឡែកក្រុមអ្នកស្ម័គ្រចិត្តកាកបាទក្រហម ១៣៣មិនបានទទួលតង់ទេ៕
ដោយ ងូ សុមុនី





