អំណោយមនុស្សធម៌ជាសម្ភារ បរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា ត្រូវបានប្រគល់ជូនសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩
AKP ភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ -- អំណោយជាសម្ភារបរិក្ខារវេជ្ជសាស្ត្ររបស់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដែលដឹកជញ្ជូនតាមយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជានោះ បានប្រគល់ជូនសាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់ហើយ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ដែលពិធីប្រគល់និងទទួលអំណោយមនុស្សធម៌នេះ ត្រូវបានធ្វើឡើង ដោយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម រាយដេអេស ធ្រីបភើស៊ី (Hridayesh Tripathi) រដ្ឋមន្រ្តីសុខាភិបាលនេប៉ាល់ នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។

ឯកឧត្ដម អ៊ុច បូររិទ្ធ បានមានប្រសាសន៍ថា អំណោយមនុស្សធម៌នៅក្នុងឱកាសនេះ គឺជាសក្ខីភាពនៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងសាមគ្គី មិត្តភាពស្និទ្ធស្នាលរវាងប្រជាជនកម្ពុជា និងប្រជាជននេប៉ាល់ ក្នុងអំឡុងពេលដ៏លំបាកនៃវិបត្តិសុខភាពពិភពលោក។ ឯកឧត្ដមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយនេប៉ាល់ និងសហគមន៍អន្តរជាតិ ដើម្បីជម្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដ៏មានសក្តានុពលយូរអង្វែងមកលើជីវភាពរស់នៅរបស់ប្រជាជន។ ឯកឧត្ដមបានលើកឡើងថា ការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រប់ទិដ្ឋភាពនៃជិវិតរបស់មនុស្ស ដោយបាននាំមកនូវបញ្ហាប្រឈមជាច្រើន មិនត្រឹមតែសុវត្ថិភាពសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខូចខាតយ៉ាងខ្លាំង ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការចល័តប្រជាជន ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចគ្រប់ប្រទេសនៅជុំវិញពិភពលោកធ្លាក់ចុះ។ នៅក្នុងបរិបទនេះ ការឆ្លើយតបជាសមូហភាព និងសាមគ្គីភាព នៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី គឺមិនអាចខ្វះបានទេ ដើម្បីដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺដ៏សាហាវនេះ និងធានាបាននូវការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព នៅដំណាក់កាលក្រោយជំងឺរាតត្បាត។

គួរបញ្ជាក់ដែរថា អំណោយជាម៉ាស់ និងសម្ភារបរិក្ខារវេជ្ជសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនរដ្ឋាភិបាលនេប៉ាល់ រួមមាន ម៉ាស់ចំនួន២លាន ម៉ាស់ក្រណាត់១ម៉ឺន ម៉ាសN95 ចំនួន២ ម៉ឺន វែនតាសុវត្ថិភាព ចំនួន២ម៉ឺន សម្លៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត ម៉ាស៊ីនវាស់កម្ដៅ ចំនួន៥០០ របាំងមុខចំនួន២ម៉ឺន ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០ ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista120 ចំនួន២០ ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងកវែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។

គួររម្លឹកដែរថា នេប៉ាល់ជាប្រទេសទី៤ហើយ ដែលកម្ពុជាបានផ្តល់ជំនួយម៉ាស់ និង សម្ភារបរិក្ខារវេជ្ជសាស្ត្រ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវអំណោយ ជាម៉ាស់និងសម្ភារបរិក្ខារវេជ្ជសាស្ត្រ ជូនដល់បណ្តាប្រទេសចំនួន៣រួចមកហើយ ក្នុងនោះរួមមាន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានផ្តល់ម៉ាស់ចំនួន២លាន និងសម្ភារបរិក្ខារវេជ្ជសាស្ត្រមួយចំនួន ជូនរដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា ម៉ាស់ចំនួន២លាន និងសម្ភារបរិក្ខារវេជ្ជសាស្ត្រមួយចំនួន និងជូនរដ្ឋាភិបាលទីម័រឡេស្តេ ម៉ាស់ចំនួន ១លាន៥ម៉ឺន និងសម្ភារបរិក្ខារវេជ្ជសាស្ត្រ៕
ដោយ ជឹម ណារី





