បន្លែចម្រុះជាង៣តោនត្រូវបានផ្តល់ជូនពន្ធនាគារ និងសមរភូមិជួរមុខខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦--ក្នុងស្មារតីចែករំលែក និងការគិតគូរខ្ពស់ចំពោះសុខុមាលភាពរបស់មន្ត្រី កងកម្លាំងជួរមុខ ក៏ដូចជាអ្នកជាប់ឃុំ នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ នេះ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ រួមជាមួយព្រះអង្គ ង៉ែត សម្ផស្ស ជំនួយការផ្ទាល់របស់ព្រះវិរៈមុន្នី វ៉ា ចិន្តា ជាម្ចាស់អាស្រមវិបស្សនារាម (ផ្លូវលេខ៧ ភូមិសូភី២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ) បាននិមន្តនិងអញ្ជើញនាំយកបន្លែចម្រុះជាង ៣ តោន ទៅប្រគល់ជូនដល់ពន្ធនាគារខេត្ត និងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។

ការឧបត្ថម្ភដ៏ធំធេងនេះ ត្រូវបានបែងចែកជាពីរគោលដៅធំៗ រួមមាន ÷ ប្រគល់ជូនពន្ធនាគារខេត្តបន្ទាយមានជ័យ ចំនួន ២តោន សម្រាប់ផ្គត់ផ្គង់អាហារូបត្ថម្ភដល់អ្នកជាប់ឃុំ និងប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងខេត្ត ចំនួន ១តោនកន្លះ (១.៥ តោន) ដើម្បីបញ្ជូនបន្តទៅកាន់កងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ចនៅជួរមុខ។
មានសង្ឃដីកាក្នុងពិធីប្រគល់នោះ ព្រះអង្គ ង៉ែត សម្ផស្ស បានសង្កត់ធ្ងន់ទៅលើតម្លៃនៃមនុស្សធម៌ និងសណ្តោសធម៌ក្នុងសង្គម ដោយព្រះអង្គមានសង្ឃដីកាថា ព្រះពុទ្ធសាសនាជានិច្ចកាលតែងតែបង្រៀនយើងពីការអនុគ្រោះ និងការចែករំលែក។ ការនាំយកបន្លែចម្រុះមកប្រគល់ជូនពន្ធនាគារខេត្តនាពេលនេះ គឺមិនត្រឹមតែជាការជួយសម្រាលការលំបាកផ្នែកជីវភាពអាហារូបត្ថម្ភប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញនូវទឹកចិត្តសណ្តោសប្រណី មិនបោះបង់ និងការផ្តល់កម្លាំងចិត្តដល់បងប្អូនដែលកំពុងជាប់ឃុំ ឱ្យដឹងថា សង្គមនៅតែគិតគូរ និងរង់ចាំទទួលពួកគេត្រឡប់មកវិញក្នុងនាមជាពលរដ្ឋល្អ បន្ទាប់ពីការកែប្រែខ្លួន»។

ថ្លែងក្នុងឱកាសនោះដែរ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានសម្តែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យរបស់ព្រះវិរៈមុន្នី វ៉ា ចិន្តា ជាម្ចាស់អាស្រមវិបស្សនារាមនិងព្រះអង្គ ង៉ែត សម្ផស្ស ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់វិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងការជួយសង្គមជាតិ។
លោកបានមានប្រសាសន៍យ៉ាងមានអត្ថន័យថា បន្លែចម្រុះទាំងជាង ៣តោននេះ គឺកើតចេញពីទឹកចិត្តជ្រះថ្លា និងការសហការគ្នាយ៉ាងជិតស្និទ្ធ។ សម្រាប់ចំណែកដែលត្រូវទៅដល់ដៃកងកម្លាំងនៃតំបន់ប្រតិបត្តិការសឹករងខេត្ត វានឹងក្លាយជាស្បៀងអាហារដ៏មានតម្លៃសម្រាប់បងប្អូនកងទ័ពយើងដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខ។

ប្រសាសន៍របស់ថ្នាក់ដឹកនាំខេត្តគឺចង់បញ្ជាក់ថា ទោះបីជាបងប្អូនស្ថិតនៅសមរភូមិជួរមុខ ឬជួរក្រោយ យើងមិនដែលបំភ្លេចគ្នាឡើយ។ ការជួយគ្នាក្នុងគ្រាលំបាក គឺជាវប្បធម៌ដ៏ល្អប្រពៃរបស់ជាតិយើង។
លោកអភិបាលរងខេត្តក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងចុងភៅនៃស្ថាប័នទាំងពីរ ឱ្យរៀបចំទុកដាក់ និងចម្អិនបន្លែទាំងនេះឱ្យបានល្អ ធានាបាននូវអនាម័យ និងជីវជាតិគ្រប់គ្រាន់ ដើម្បីពង្រឹងសុខភាពទាំងកងកម្លាំងជួរមុខ និងជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់អ្នកជាប់ឃុំ ឱ្យស្របតាមគោលនយោបាយមនុស្សធម៌របស់រាជរដ្ឋាភិបាល។

ជាការឆ្លើយតប ថ្នាក់ដឹកនាំនៃពន្ធនាគារខេត្ត និងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានលំឱនកាយវាចាចិត្តថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងគណៈអភិបាលខេត្ត ដែលបាននាំយកនូវអំណោយដ៏មានតម្លៃ និងទាន់ពេលវេលានេះ មកជួយគាំទ្រដល់បេសកកម្មរបស់ពួកstaff នៅក្នុងស្ថាប័នទាំងពីរ៕
ដោយ ឈុន សារ៉ាត





