ឯកអគ្គរដ្ឋទូតចិន៖ «ស្ពានភាសាចិន» ជាស្ពានវប្បធម៌ដ៏សំខាន់ក្នុងការរឹតចំណងមិត្តភាពដែកថែបរវាងចិន-កម្ពុជាឱ្យកាន់តែស្អិតល្មួត
AKP ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦--ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានលើកឡើងថា កម្មវិធីប្រកួត «ស្ពានភាសាចិន» មិនត្រឹមតែជាវេទិកាសម្រាប់និស្សិតកម្ពុជាក្នុងការបង្ហាញសមត្ថភាពភាសាប៉ុណ្ណោះទេ តែថែមទាំងជាស្ពានវប្បធម៌ដ៏សំខាន់ក្នុងការរឹតចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ ចិន-កម្ពុជា ឱ្យកាន់តែស្អិតល្មួតថែមទៀតផង។

ក្នុងពិធីបិទវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួត "ស្ពានភាសាចិន" ពិភពលោកលើកទី២៥ សម្រាប់ថ្នាក់ឧត្តមសិក្សានៅកម្ពុជា ដែលបានប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានគូសបញ្ជាក់ថា ភាសាចិន បាន និងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការតភ្ជាប់ដួងចិត្តនៃប្រជាជន និងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ កម្ពុជា-ចិន ដោយជំរុញឱ្យមានការយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងរួមចំណែកដល់ការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ឱ្យកាន់តែរឹងមាំ ប្រកបដោយនិរន្តរភាព និងការរីកចម្រើនលើគ្រប់វិស័យ។

នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធមកពីគ្រប់មជ្ឈដ្ឋានដែលបានចូលរួមចំណែកជំរុញដល់ការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងកម្ពុជា និងចិន ក្នុងពេលកន្លងមកនេះ ដោយបានបញ្ជាក់ថា លទ្ធផលជាផ្លែផ្កាដែលបានលេចចេញពីកិច្ចសហប្រតិបត្តិការនេះ បានបើកចំហទ្វារសម្រាប់សិស្សានុសិស្ស ក៏ដូចជានិស្សិតកម្ពុជាឱ្យមានឱកាសស្វែងយល់អំពីវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសចិន ដើម្បីបង្កើនទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ និងខិតខំបន្តកសាងស្ពានមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង សេចក្ដីក្លាហាន និងទេពកោសល្យរបស់ក្មួយៗជាបេក្ខជន រហូតឈានដល់វគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួត «ស្ពានភាសាចិន» ពិភពលោកលើកទី២៥ សម្រាប់ថ្នាក់ឧត្តមសិក្សានៅកម្ពុជានាពេលនេះ និងជឿជាក់ថា ការរៀបចំការប្រកួតប្រចាំឆ្នាំសម្រាប់និស្សិតនេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការលើកកម្ពស់ការអប់រំភាសាចិននៅកម្ពុជា និងការផ្លាស់ប្ដូររវាងយុវជននៃប្រទេសទាំងពីរឱ្យកាន់តែផុសផុល សំដៅឆ្ពោះទៅការកសាងកម្លាំងយុវជនដ៏មានសក្ដានុពល សម្រាប់បន្តវេនមិត្តភាពដ៏យូរលង់របស់ប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

សូមជម្រាបថា ការប្រកួត “ស្ពានភាសាចិន” ពិភពលោកលើកទី២៥ សម្រាប់ថ្នាក់ឧត្តមសិក្សានៅកម្ពុជានាពេលនេះ មានបេក្ខជនចូលរួមចំនួន ២៣២រូប មកពីបណ្ដាអង្គភាពចំនួន ១២។ បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ជាលទ្ធផលបេក្ខជន លឹម ម៉េងឃាង គឺជាអ្នកទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួត "ស្ពានភាសាចិន" ពិភពលោកលើកទី២៥ សម្រាប់ថ្នាក់ឧត្តមសិក្សានៅកម្ពុជានាពេលនេះ៕
ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





