ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហៃណាន គ្រោងចុះ MoU ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦-- ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហៃណាន គ្រោងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ដែលជាក់ស្តែង និងប្រកបដោយផ្លែផ្កា ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍ និងកំណើនភ្ញៀវទេសចររវាងប្រទេសកម្ពុជា និងចិន។
ក្រសួងទេសចរណ៍បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ និងវិស័យឯកជន ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ និងស៊ីជម្រៅជាមួយឯកឧត្តម Liu Xiaoming អភិបាលខេត្តហៃណាននៃសាធារណរដ្ឋប្រជាមានិតចិន និងសហការី លើការអនុវត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងខេត្តហៃណានឱ្យកាន់តែជាក់ស្តែង និងប្រកបដោយផ្លែផ្កា នៅទីក្រុងហៃគូ ខេត្តហៃណាន។
ប្រភពដដែលបានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពពិនិត្យលទ្ធភាពលើការចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលប្រជាជនខេត្តហៃណាន។ បន្ថែមពីនេះទៀត ការជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តហៃណាន និងគោលដៅទេសចរណ៍សំខាន់ៗ របស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ និងពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ការលើកទឹកចិត្តឱ្យមានជំនួបរវាងវិស័យឯកជនកម្ពុជា និងខេត្តហៃណានដើម្បីរៀបចំជាកញ្ចប់ទស្សនកិច្ច ក៏ត្រូវបានលើកឡើង និងឯកភាពផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យភាគីខេត្តហៃណាន ជួយជំរុញ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ប្រជាពលរដ្ឋចិន ជាពិសេសប្រជាពលរដ្ឋខេត្តហៃណាន តាមរយៈបណ្តាញផ្សព្វផ្សាយ វេទិកាទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើន។ បន្ថែមពីនេះ ឯកឧត្តមក៏បានស្នើជំរុញការរៀបចំកម្មវិធីទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និង KOLs ពីខេត្តហៃណាន មកទស្សនាកម្ពុជា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិនឱ្យកាន់តែទូលំទូលាយ។
គួរបញ្ជាក់ផងដែរថា នាពេលកន្លងមកសហគ្រាសទេសចរណ៍នៃខេត្តហៃណានបានសហការយ៉ាងសកម្មដោយបាននាំភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាជាង៣០ម៉ឺននាក់។ ជាមួយយុទ្ធនាការលើកលែងទិដ្ឋាការនេះ គ្រោងនាំភ្ញៀវទេសចរមកកម្ពុជាបន្ថែមទៀតឱ្យបាន៥០ម៉ឺននាក់៕

ដោយ៖ ស្រីពេជ្រ





