ក្រសួងការងារបន្តធ្វើយុទ្ធនាការ «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ» នៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦--ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈកិច្ចសហការរវាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បានបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦» នៅតាមបណ្តាសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម ក្នុងភូមិសាស្ត្រខេត្តទាំងបី ដោយផ្តោតសំខាន់លើច្បាប់ស្តីពីការងារ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធទៅនឹងពលកម្មកុមារ។

យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីពលកម្មកុមារឱ្យកាន់តែទូលំទូលាយ និងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ ក៏ដូចជាការរាយការណ៍ក្នុងករណីមានការសង្ស័យថា មានការប្រើប្រាស់ពលកម្មកុមារ។ ជាមួយគ្នានេះដែរ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញនិងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន សហគមន៍នៃសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម សូមបន្តចូលរួមទប់ស្កាត់និងលុបបំបាត់រាល់ទម្រង់នៃទាសភាព ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងការងារប្រកបដោយគ្រោះថ្នាក់ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានជំរុញដល់និយោជកទាំងអស់ត្រូវចុះបញ្ជិកាសមាជិក ប.ស.ស. ដើម្បីធានានូវឧត្តមប្រយោជន៍នានាជូនដល់បងប្អូនកម្មករនិយោជិតឱ្យបានគ្រប់ៗគ្នា និងបន្តជំរុញនិយោជកត្រូវចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម (LACMS) របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

ក្នុងឱកាសនោះដែរ ក្រសួងក៏បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមរួមគ្នាប្តេជ្ញាបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងធ្វើការរាយការណ៍ឱ្យបានរហ័សតាមរយៈលេខទូរសព្ទ Hotline ១២៩៧ ឬ ១២៨៦ ឬប្រអប់បណ្តឹងអនាមិក ក្នុងករណីមានការប្រើប្រាស់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ដើម្បីឱ្យក្រសួងអាចចាត់វិធានការតាមផ្លូវច្បាប់បានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់៕


ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





