រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ ភាពជាដៃគូរវាងក្រុមហ៊ុន DKSH និងក្រុមហ៊ុន LSV គឺជាគំរូសម្រាប់ SME
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ភាពជាដៃគូរវាង DKSH និង LSV គឺជាគំរូជោគជ័យមួយសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) កម្ពុជា ក្នុងការចាប់ដៃគូជាមួយបណ្តាញចែកចាយអន្តរជាតិ ដើម្បីពង្រីកទីផ្សារ និងបង្កើនភាពប្រកួតប្រជែង។ នេះជាការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីនៅក្នុងជំនួបជាមួយតំណាងក្រុមហ៊ុន DKSH (Cambodia) និងក្រុមហ៊ុន LSV Industry កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យក្រុមហ៊ុន LSV បន្តអភិវឌ្ឍផលិតផលថ្មីៗ និងពង្រីកកិច្ចសហការជាមួយនិស្សិត និងអ្នកស្រាវជ្រាវ ខណៈដែលក្រសួងនឹងបន្តគាំទ្រសហគ្រាសតាមរយៈស្តង់ដារូបនីយកម្ម សេវាមន្ទីរពិសោធន៍ ការផ្ទៀងផ្ទាត់ និងព្យាសកម្មឧបករណ៍ និងការស្រាវជ្រាវនវានុវត្តន៍ ដើម្បីគាំទ្រសហគ្រាសក្នុងស្រុក ឱ្យឈានចូលទីផ្សារក្នុងតំបន់ និងអន្តរជាតិបានកាន់តែច្រើន។
ក្រុមហ៊ុន DKSH បានបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការបន្តស្វែងរក និងនាំយកផលិតផលខ្មែរដែលមានគុណភាព និងសក្តានុពល ចូលទៅក្នុងបណ្តាញចែកចាយដ៏ទូលំទូលាយ និងមានឥទ្ធិពលរបស់ខ្លួន។
តំណាងក្រុមហ៊ុន LSV Industry បានរាយការណ៍ថា ក្រុមហ៊ុនបានបង្កើនការផលិត ដោយដំណើរការរោងចក្ររយៈពេល ២៤ ម៉ោង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ព្រមទាំងបានពង្រឹងការស្រាវជ្រាវ និងអភិវឌ្ឍន៍លើផលិតផលថ្មីៗ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកកាន់តែច្រើន។ ម៉ូដែលនៃភាពជាដៃគូជាមួយ DKSH នឹងជួយពង្រឹងសមត្ថភាពរបស់ LSV និងជាស្ពានឱ្យផលិតផលបានទៅដល់ទីផ្សារដោយប្រសិទ្ធភាព។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន LSV Industry ជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលផលិត និងផ្គត់ផ្គង់ផលិតផលប្រើប្រាស់ផ្ទាល់ខ្លួន និងប្រើប្រាស់ក្នុងផ្ទះ ដូចជាសាប៊ូបោកសម្លៀកបំពាក់ និងសាប៊ូដុសខ្លួនជាដើម។ ផលិតផលរបស់ក្រុមហ៊ុន បច្ចុប្បន្នក៏ត្រូវបាននាំចេញទៅប្រទេសអូស្ត្រាលី បារាំង កូរ៉េ ជប៉ុន និងសហរដ្ឋអាមេរិកផងដែរ៕
ដោយ៖ ស្រីពេជ្រ





