ក្រសួងសង្គមកិច្ច បើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីនីតិវិធីពង្រឹងសមាគមមនុស្សចាស់ក្នុង ខេត្តក្រចេះ
AKP ក្រចេះ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ -- ឯកឧត្តម វ៉េង រិទ្ធីស័ក្កិ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានដឹកនាំបើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីនីតិវិធីក្នុងការជំរុញ និងពង្រឹងសមាគមមនុស្សចាស់ឃុំ សង្កាត់ ទាំង៧ក្រុង ស្រុក ក្នុងខេត្តក្រចេះ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្ត។

ឯកឧត្តម វ៉េង រិទ្ធីស័ក្កិ បានលើកឡើងថា លោក លោកស្រី ជាមេឃុំ ចៅសង្កាត់ និងប្រធានសមាគមមនុស្សចាស់ឃុំ សង្កាត់ បានយល់ដឹងពីចំណុចខ្លាំង និងខ្សោយរបស់ខ្លួនបន្ទាប់ពីទទួលបានការចែករំលែកនូវបទពិសោធន៍ពីសមាគមមនុស្សចាស់ដែលដំណើរការល្អ និងយល់ដឹងពីនីតិវិធីក្នុងការរៀបចំរចនាសម្ព័ន្ធរបស់សមាគមមនុស្សចាស់ ក៏ដូចជាការរៀបចំសមាសភាពគណៈកម្មការសមាគមតាមលក្ខន្តិកៈរបស់សមាគមមនុស្សចាស់ពីមន្ត្រីជំនាញនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន។

ឯកឧត្តមបន្តថា លោកស្រីអភិបាលរងខេត្ត និងលោក លោកស្រី អភិបាលរងក្រុង ស្រុក បានផ្ដោតការយកចិតទុកដាក់ក្នុងការបន្តជំរុញបន្ថែម ដើម្បីឱ្យយសមាគមមនុស្សចាស់ឃុំសង្កាត់អាចដំណើរការឡើងវិញ និងមាននិរន្តរភាព ហើយសិក្ខាកាមទាំងអស់ទទួលបានការតាំងចិត្តពីលោក លោកស្រីជាមេឃុំ ចៅសង្កាត់ និងប្រធានសមាគមមនុស្សចាស់ដើម្បីបន្តឆន្ទៈក្នុងការរៀបចំនិងពង្រឹងសមាគមមនុស្សចាស់ឡើងវិញ។

សូមបញ្ជាក់ថា សិក្ខាសាលានោះមានការចូលរួមពី លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ លោក ឌុក បូឡេង អនុប្រធានមន្ទីរ ស.អ.យ. ខេត្តក្រចេះ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រីក្រុមប្រឹក្សាឃុំ សង្កាត់ ប្រធានសមាគមមនុស្សចាស់ឃុំ សង្កាត់ នៃក្រុង ស្រុកទាំង៧ និងក្រុមការងារនៃនាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន សរុបចំនួន ១៣០នាក់៕
ដោយ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





