សម្ដេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះក្រសួងសេដ្ឋកិច្ច និងអគ្គនាយកដ្ឋានពន្ធដារ ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គោលនយោបាយកែទម្រង់មុតស្រួច និងស៊ីជម្រៅ
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ -- ក្នុងនាមរជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារ ដែលបាន និងកំពុងខិតខំយកចិត្តទុកដាក់ប្រកបដោយស្មារតីបុរេសកម្ម នៅក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គោលនយោបាយកែទម្រង់មុតស្រួច និងស៊ីជម្រៅ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល រហូតសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របតាមទិសស្លោកថា «ការកែទម្រង់ គឺជាគន្លឹះនៃការរីកចម្រើនសេដ្ឋកិច្ច»។

ការវាយតម្លៃរបស់សម្តេចនាយករដ្ឋមន្ត្រីដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា លទ្ធផលដ៏ល្អប្រសើរនៃការកែទម្រង់ក៏ត្រូវបានទទួលស្គាល់ និងការកោតសរសើរ និងថ្លែងអំណរគុណជាបន្តបន្ទាប់ពី វិស័យឯកជនក្នុងនាមជាដៃគូសហការផងដែរ ហើយថាគិតមកដល់ពេលនេះអគ្គនាយកដ្ឋានពន្ធដារបានក្លាយជាអង្គភាពប្រមូលចំណូលជូនជាតិធំជាងគេក្នុងប្រទេស ក្នុងចំណោមអង្គភាពប្រមូលចំណូលដទៃទៀត។

ជាមួយគ្នានេះសម្តេសនាយករដ្ឋមន្ត្រីបានជំរុញឱ្យអគ្គនាយកដ្ឋានពន្ធដារត្រូវធ្វើយ៉ាងណាកុំឱ្យមាននីតិវិធីស្មុគស្មាញពេកសម្រាប់ការបង់ពន្ធរបស់អ្នកបង់ពន្ធ ពោលគឺត្រូវធ្វើឱ្យអ្នកបង់ពន្ធពេញចិត្តក្នុង ការបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយត្រូវយកលទ្ធផលជាគោល តាមរយៈការរៀបចំប្រព័ន្ធការងារ និងរៀបចំមនុស្សឱ្យបានល្អ ដើម្បីបម្រើសេវាបង់ពន្ធរបស់អតិជនបានប្រសើរ អាចកាត់បន្ថយពេលវេលា និងកាត់បន្ថយភាពស្មុគស្មាញបានច្រើន ជាពិសេសអ្នកបង់ពន្ធអាចបង់ពន្ធពីផ្ទះមកក៏បាន ដោយមិនចាំបាច់ត្រូវធ្វើដំណើរមកដល់កន្លែងបង់ពន្ធផ្ទាល់ក៏បាន ព្រោះយើងបានធ្វើការងារបែបឌីជីថល។
នេះគឺកំណែទម្រង់របស់យើង ដើម្បីកាត់បន្ថយចំនួនមនុស្សធ្វើការ និងកាត់បន្ថយការបង់ខាតថវិកាជាតិ តាមរយៈការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល ដែលតាមក្រសួង ស្ថាប័ន ត្រូវតែធ្វើកំណែទម្រង់បែបនេះ ដើម្បីការបម្រើសេវារបស់រដ្ឋកាន់តែមានប្រសិទ្ធភាព ដោយត្រូវពឹងផ្អែកទៅលើការប្តូរនីតិវិធី ប្តូរភារកិច្ចប្តូរប្រព័ន្ធការងារ។
នេះគឺជាកត្តាជាក់ស្តែងដែលយើងត្រូវធ្វើពាក់ព័ន្ធទៅនឹងកំណែទម្រង់ ដោយសម្តេចធិបតី នាយករដ្ឋមន្ត្រីបានថ្លែងការកោតសរសើរចំពោះអគ្គនាយកដ្ឋានពន្ធដារដែលបានធ្វើកិច្ចការនេះរួចមកហើយ ជាផ្នែកមួយនៃកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដឹកនាំធ្វើ៕
ដោយ៖ ចាន់ សុភឿន





