ក្រុមការពារជើងឯក បញ្ជាការដ្ឋានអង្គរក្សឡើងមកឈរលើកំពូលតារាង តេជោលីគ
AKP ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦--ក្រុមការពារម្ចាស់ជើងឯក២សម័យកាល បញ្ជាការដ្ឋានអង្គរក្សបានឡើងមកឈរលើកំពូលតារាងវិញ ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ ២០២៦ បន្ទាប់ពីបានយកឈ្នះក្រុមឈរលើកំពូលតារាង ក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣សិតទល់១សិត នៅក្នុងជំនួបប្រកួតទី៤ ជុំទី១។

ក្រុមបញ្ជាការដ្ឋានអង្គរក្ស ដែលឡើងមកឈរកំពូលតារាងជំនួសតំណែងក្រសួងមហាផ្ទៃ (ប្រកួតទី៣) នោះ គឺបានយកឈ្នះក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣-១ ក្នុងពិន្ទុ២៣-២៥, ២៥-១៤, ២៥-១៥ និង២៥-១៥ នៅប្រកួតទី៤ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ ឆ្លងកាត់៤ប្រកួតដូចៗគ្នានៃវគ្គជម្រុះជុំទី១នេះ ក្រុមបញ្ជាការដ្ឋានអង្គរក្សឈ្នះទាំង៤ប្រកួត ទទួលបាន ១១ពិន្ទុ ក្នុងនោះឈ្នះ៣ប្រកួត ក្នុងលទ្ធផល ៣សិតទល់១សិត ដូចៗគ្នា និងឈ្នះ ៣សិតទល់២សិត ១ប្រកួត។ ចំពោះវិសាខា ឈរលេខ២ ក្រោយឆ្លងកាត់៤ប្រកួត ឈ្នះ៣ និងងចាញ់១ មាន១០ពិន្ទុ ខណៈក្រសួងមហាផ្ទៃ ឈរលេខ៣ ក្រោយឈ្នះ៣ និងចាញ់១ មាន៨ពិន្ទុ។

ចំពោះលទ្ធផល៣ប្រកួតផ្សេងទៀត ក្នុងជំនួបប្រកួតទី៤ កាលពីថ្ងៃទី១៩ ខែឧសភានោះដែរ រួមមាន៖ ក្រុមស្នងការដ្ឋាននគរបាលខេត្តកោះកុងបានយកឈ្នះ កងពលធំអន្តរាគមន៍ ៣-២, វិសាខា ឈ្នះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ៣-០ ខណៈក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប្រកួតចាញ់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយលទ្ធផល ១សិតទល់៣សិត។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ះ តេជោលីគ ២០២៦នេះធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមាន៨ក្រុមចូលរួមប្រជែងជើងឯក ដោយមានវគ្គជម្រុះចំនួន២ជុំ ដែលជុំទី១ ដំណើរការពីថ្ងៃទី១៦ ខែឧសភា ២០២៦ ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦។ ជុំទី២ នឹងទម្លាក់២ក្រុមបាតតារាង ដោយយកត្រឹម៦ក្រុមខាងលើឡើងប្រកួតជម្រុះបន្ត ពីថ្ងៃទី១៩-២៨ ខែឧសភា ឆ្នាំ២០២៦។ ក្រោយបញ្ចប់ការប្រកួតជុំទី២ គឺ៤ក្រុមលើកំពូលតារាងនឹងត្រូវឡើងប្រកួតវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ ដោយលេខ១ ត្រូវប៉ះលេខ៤ លេខ២ប៉ះលេខ៣ ដើម្បីស្វែងរក២ក្រុមឈ្នះៗឡើងប្រជែងជើងឯក ខណៈ២ក្រុមចាញ់ៗនឹងដណ្តើមចំណាត់ថ្នាក់លេខ៣។ ២ប្រកួតចុងក្រោយនេះគ្រោងនឹងធ្វើឡើងនាល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ជាមួយពិធីប្រគល់ពានរង្វាន់ បំពាក់មេដាយជូនជ័យលាភីបិទកម្មវិធី តេជោលីគ តែម្តង។ នេះបើតាមកម្មវិធីប្រកួតរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជាទទួលបន្ទុកប្រធានគណៈកម្មការរៀបចំការប្រកួត៕

ដោយ ហេង ណាលីន (រូបភាព៖ សហព័ន្ធ)





