សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលថវិកា ពីសប្បុរសជននានា ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម
AKP កណ្តាល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦--សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានទទួលថវិកា ពីសប្បុរសជននានា ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។

ឯកឧត្ដម គួច ចំរើន បានមានប្រសាសន៍ថា សាខាខេត្តនឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេសប្រជាពលរដ្ឋភៀសសឹក និងគ្រួសារយុទ្ធជនរបួស និងពលីក្នុងសមរភូមិ។ ដើម្បីមានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ជាជំនួយការជូនរាជរដ្ឋាភិបាល សាខាកាកបាទក្រហមកម្ពុជាខេត្ត សូមអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន សូមមេត្តាបន្តចូលរួមបរិច្ចាគថវិកា សម្ភារ ជូនសាខាដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។

ឯកឧត្ដមបានបន្តថា សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា នឹងចូលរួមយ៉ាងច្រើនកុះករ ក្នុងការបន្តជួយគាំទ្របេសកកម្មមនុស្សធម៌ របស់សាខាខេត្ត ស្របតាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។ សាខាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលបានឧបត្ថម្ភថវិកានាពេលនេះ សាខាសូមគោរពប្រសិទ្ធពរបវរសួស្តី សិរីមង្គល វិបុលសុខ ជូនចំពោះលោកអ្នក សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





