រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិនៃការចងចាំ២០ ឧសភា រំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះបានស្លាប់ក្នុងរបប ប៉ុល ពត
AKP បាត់ដំបងថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៦–រដ្ឋបាលខេត្តបាត់ដំបង ប្រារពទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តពោធិ៍ក្នុង ស្ថិតនៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។

កម្មវិធីខាងលើមានការនិមន្ត និងអញ្ជើញពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ព្រះសង្ឃ មន្រ្តីរាជការ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និស្សិត គរុនិស្សិត-សិស្ស សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ សូមឧទ្ទិសដួងវិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិ ព្រះសង្ឃ វីរជនស្នេហាជាតិ កម្មាភិបាល យុទ្ធជន យុទ្ធនារីកម្ពុជាដែលបាត់បង់ជីវិតដោយអំពើអយុត្តិធម៌ក្នុងរបបយង់ឃ្នងប្រល័យ ពូជ សាសន៍ប៉ុលពត សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ឯកឧត្តម សូមឧទ្ទិសទិវាជាតិនៃការចងចាំនេះសូមឱ្យជាតិមាតុភូមិកម្ពុជាប្រកបដោយសុខសន្តិភាព សាមគ្គីភាពជាតិ ឯកភាពជាតិ និងវឌ្ឍនភាពជាតិ សម្បូររុងរឿងថ្កុំថ្កើងជារៀងរហូត។

រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពដោយបានកំណត់យកអាទិភាពគន្លឹះគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ព្រមទាំងបានកំណត់ដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រជាក់លាក់តាមបណ្តាវិស័យផងដែរ។ពីបច្ចុប្បន្នដល់អនាគត យើងមានក្តីសង្ឃឹមជឿជាក់ដ៏មុតមាំថា មាតុភូមិកម្ពុជានឹងបន្តឈានទៅសម្បូរថ្កុំថ្កើង រុងរឿង ប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា សុភមង្គល និងវឌ្ឍភាព។

ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ប្រទេសកម្ពុជាបានឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់ហើយរាជរដ្ឋាភិបាលមិនចង់បានឡើយនូវសង្រ្គាមបង្ហូរឈាមទៀតនោះទេ ដូច្នេះរាជរដ្ឋាភិបាលបានបង្ហាញឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដើម្បីបញ្ចៀសសង្រ្គាម និងមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែនដែលកើតចេញពីការប្រើប្រាស់កម្លាំង។ ក្នុងកាលៈទេសៈប្រទេសកម្ពុជាទទួលរងការឈ្លានពានពីភាគីថៃ ឯកឧត្តម បានក្រើនរំឭកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវប្រែក្លាយការឈឺចាប់ទៅជាកម្លាំងស្នេហាជាតិ ត្រូវបន្តមានស្មារតីជាតិនិយម បន្តចូលរួមគាំទ្រផលិតផលខ្មែរ រួបរួមសាមគ្គីគ្នាជាមួយធ្លុងមួយគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និស្សិត គរុនិស្សិត-សិស្ស សិស្សានុសិស្ស យុវជន និងបងប្អូនប្រជាពលរដ្ឋសូមចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សង្គមជាតិ ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





