អភិបាលខេត្តកំពតណែនាំមន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធតាមច្រកទ្វារតាមព្រំដែនឱ្យរឹតបន្តឹងការនាំចូលទំនិញពិសេសទំនិញដែលប្រើសារធាតុគីមី
AKP កំពត ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅតាមច្រកទ្វារ និងប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់ ឱ្យរឹតបន្តឹងការត្រួតពិនិត្យទំនិញនាំចូល ជាពិសេសគ្រឿងឧបភោគបរិភោគ បន្លែ និងផ្លែឈើ ដើម្បីទប់ស្កាត់ការនាំចូលចំណីអាហារមានផ្ទុកសារធាតុគីមីខុសច្បាប់ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការគ្រប់គ្រងការនាំទំនិញចូលក្នុងភូមិសាស្ត្រខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមអភិបាលខេត្តបានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ដោយណែនាំឱ្យកងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញនៅតាមបណ្តាច្រកទ្វារ និងប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងអនុវត្តការត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុតលើមុខទំនិញដែលនាំចូលមកកាន់ខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន បានសង្កត់ធ្ងន់ថា ការត្រួតពិនិត្យត្រូវផ្តោតជាពិសេសលើប្រភេទគ្រឿងឧបភោគបរិភោគ ចំណីអាហារ បន្លែ និងផ្លែឈើនាំចូលគ្រប់ប្រភេទ ដើម្បីធានាថា មិនមានការនាំចូលផលិតផលដែលមានផ្ទុកសារធាតុគីមីហាមឃាត់ ឬសារធាតុបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋនោះឡើយ។

ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាឱ្យបានជិតស្និទ្ធ ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីធានាបាននូវសុវត្ថិភាពចំណីអាហារ រក្សាសុខុមាលភាពប្រជាពលរដ្ឋ និងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងខេត្តឱ្យកាន់តែល្អប្រសើរ៕
ដោយ AKP





