រដ្ឋបាលខេត្តកំពតបន្តចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ២៤៨៨គ្រួសារនៅឃុំតាកែន ស្រុកឈូក
AKP កំពត ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦--រដ្ឋបាលខេត្តកំពតបន្តប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋរស់នៅឃុំតាកែន ស្រុកឈូក ចំនួន២៤៨៨គ្រួសារ ស្មើនឹង ២៩២៧ក្បាលដី ដើម្បីធានាសិទ្ធិស្របច្បាប់លើការកាន់កាប់ និងប្រើប្រាស់ដីធ្លី ព្រមទាំងរួមចំណែកកាត់បន្ថយវិវាទដីធ្លីនៅមូលដ្ឋាន ពិសេសលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងរស់នៅប្រកបដោយភាពសុខដុរមនាក្រោមម្លប់នៃសន្តិភាព។

ក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋ ភូមិចំការមន ភូមិវាលក្រសាំង ភូមិជ័យតាស្វាយ និងភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា អស់រយៈពេលជាច្រើនជំនាន់មកហើយ ប្រជាពលរដ្ឋស្ទើរគ្រប់តំបន់នៅកម្ពុជាមិនទាន់មានបណ្ណកម្មសិទ្ធិលើដីធ្លី និងផ្ទះសម្បែងនៅឡើយ ដែលធ្វើឱ្យការប្រើប្រាស់ និងអភិវឌ្ឍដីធ្លីមិនទាន់អស់សក្តានុពល។ បញ្ហានេះកើតឡើងដោយសារប្រទេសជាតិបានឆ្លងកាត់សង្គ្រាមជាបន្តបន្ទាប់ ជាពិសេសក្នុងរបបប៉ុល ពត ដែលបានដកហូតកម្មសិទ្ធិឯកជន និងដាក់ជាកម្មសិទ្ធិសមូហភាព។

ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋនៅតែប្រឈមការលំបាកជាច្រើន ទាំងការខ្វះកម្លាំងពលកម្ម ឧបករណ៍កសិកម្ម គ្រាប់ពូជ និងសម្ភារៈផ្សេងៗ ខណៈផ្ទៃដីមួយចំនួននៅមានគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ទោះជាយ៉ាងណា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ដែលបានបង្កលក្ខណៈឱ្យការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការគ្រប់គ្រងដីធ្លីកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់វិស័យដីធ្លី តាមរយៈការអនុម័តច្បាប់ភូមិបាលឆ្នាំ២០០១ និងការដាក់ចេញលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាបន្តបន្ទាប់ ដើម្បីធានាការគ្រប់គ្រងដីរដ្ឋ ដីឯកជន ដីវត្ត និងដីសហគមន៍ឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានជំរុញការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិ តាមរយៈការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ និងយុទ្ធនាការវាស់វែងដីធ្លីតាមបទបញ្ជាលេខ០១ បប។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់មន្ត្រីក្រុមការងារចុះបញ្ជីដីធ្លី ដែលបានខិតខំអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព ព្រមទាំងថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការជំរុញការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនាពេលកន្លងមក។
បើតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត ថា ស្រុកឈូកមានចំនួន១៥ឃុំ ស្មើនឹង៨០ភូមិ ហើយការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០០៩។ រហូតមកដល់ពេលនេះ បានប្រកាសតំបន់វិនិច្ឆ័យគ្រប់៨០ភូមិ ស្មើនឹង១០០ភាគរយ ក្នុងនោះចែកបណ្ណជូនប្រជាពលរដ្ឋរួចចំនួន៦៨ភូមិ ស្នើសុំចែកបណ្ណ៤ភូមិ បិទផ្សាយចប់ត្រៀមចែកបណ្ណ២ភូមិ និងកំពុងពិនិត្យសម្អាតទិន្នន័យត្រៀមបិទផ្សាយចំនួន៦ភូមិបន្ថែមទៀត៕
ដោយ AKP





