អភិបាលរងខេត្តបន្ទាយមានជ័យ៖ ការលែងកូនត្រី ២០ម៉ឺនក្បាល ជាការរួមចំណែកស្តារធនធានជលផល និងរក្សាពូជត្រីក្នុងធម្មជាតិឱ្យបានគង់វង្ស
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ -- លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការលែងកូនត្រី និងត្រីមេពូជចូលក្នុងតំបន់អភិរក្សស្ទឹងសិរីសោភ័ណ គឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិរក្ស និងស្តារធនធានជលផល បង្កើនចំនួនពូជត្រីក្នុងធម្មជាតិ ព្រមទាំងជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សា និងការពារធនធានជលផលឱ្យមាននិរន្តរភាពសម្រាប់បច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយ។
ការលើកឡើងនេះធ្វើឡើងក្នុងពិធីលែងកូនត្រី និងត្រីមេពូជ នៅតំបន់អភិរក្សស្ទឹងសិរីសោភ័ណ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២៦ នេះ ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលក្រុងសិរីសោភ័ណ និងមានការគាំទ្រពីក្រុមហ៊ុន GANZBERG ក្រោមអធិបតីភាពលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅក្នុងបរិវេណវត្តស្វាយចាស់ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
លោក ឃ្លោក នួយ បានបញ្ជាក់ថា ការអភិរក្សធនធានជលផលមិនមែនជាការងាររបស់ស្ថាប័នជំនាញ ឬអាជ្ញាធរតែឯងនោះទេ ប៉ុន្តែទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង និងតំបន់ជុំវិញប្រភពទឹក។ ការចូលរួមរបស់សហគមន៍ក្នុងការការពារតំបន់អភិរក្ស ការមិនប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងការមិនចាប់ត្រីក្នុងរដូវបន្តពូជ គឺជាកត្តាសំខាន់ក្នុងការរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងធានាឱ្យធនធានជលផលអាចបន្តផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋបានយូរអង្វែង។


លោកអភិបាលរងខេត្តក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបង្កើនការយល់ដឹងជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានយល់ពីតម្លៃនៃធនធានធម្មជាតិ និងមានស្មារតីទទួលខុសត្រូវរួមគ្នាក្នុងការការពារប្រភពទឹក និងជីវៈចម្រុះនៅក្នុងមូលដ្ឋាន។ ការលែងកូនត្រីនាពេលនេះ មិនត្រឹមតែជាការបង្កើនចំនួនត្រីក្នុងធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារអប់រំមួយដែលជំរុញឱ្យមនុស្សគ្រប់រូបចូលរួមថែរក្សាធនធានជលផលជាសម្បត្តិរួមរបស់សង្គមផងដែរ។
លោកស្រី អន ស៊ីថា ប្រធានស្តីទីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្នុងពិធីនេះ មានការលែងកូនត្រី និងត្រីមេពូជសរុបចំនួន ២០០.០០០ក្បាល ចូលក្នុងតំបន់អភិរក្សស្ទឹងសិរីសោភ័ណ ដោយរួមមានប្រភេទត្រីគល់រាំង ត្រីឆ្ពិន ត្រីកន្ធ ត្រីប្រា ត្រីអណ្ដែង ត្រីក្រាញ់ ត្រីព្រលូង ត្រីកាហែ និងត្រីត្រសក់។
លោកស្រីបានបញ្ជាក់ថា ការលែងកូនត្រី និងត្រីមេពូជចូលក្នុងតំបន់អភិរក្សនេះ មានគោលបំណងចូលរួមស្តារធនធានជលផល បង្កើនសក្តានុពលនៃការបន្តពូជត្រីក្នុងធម្មជាតិ និងរួមចំណែករក្សាប្រព័ន្ធអេកូឡូស៊ីក្នុងប្រភពទឹកឱ្យមានតុល្យភាព។ ជាមួយគ្នានេះ កម្មវិធីនេះក៏ជាឱកាសដ៏ល្អសម្រាប់ផ្សព្វផ្សាយចំណេះដឹងអំពីការអភិរក្សធនធានជលផល និងជំរុញឱ្យសាធារណជនយល់កាន់តែច្បាស់ពីតួនាទីរបស់ខ្លួនក្នុងការការពារធនធានធម្មជាតិដែរ។

លោកស្រីក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តចូលរួមការពារតំបន់អភិរក្សស្ទឹងសិរីសោភ័ណ ដោយចៀសវាងសកម្មភាពនេសាទដែលបំផ្លាញធនធានជលផល និងសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញក្នុងការទប់ស្កាត់បទល្មើសនេសាទ ដើម្បីធានាថា ធនធានជលផលនៅក្នុងតំបន់នេះអាចស្តារឡើងវិញ និងបន្តបម្រើផលប្រយោជន៍ដល់សហគមន៍។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រីរដ្ឋបាលខេត្ត រដ្ឋបាលក្រុងសិរីសោភ័ណ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន យុវជន ស.ស.យ.ក. កាយឫទ្ធិ កាកបាទក្រហម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបជាង ៣០០នាក់។


ការរៀបចំពិធីលែងកូនត្រី និងត្រីមេពូជនេះ គឺជាសកម្មភាពជាក់ស្តែងមួយក្នុងការជំរុញការអភិរក្សធនធានជលផលនៅខេត្តបន្ទាយមានជ័យ ដោយភ្ជាប់ការស្តារធនធានធម្មជាតិជាមួយការអប់រំ និងការចូលរួមរបស់សហគមន៍។ ការការពារតំបន់អភិរក្សឱ្យបានល្អ និងការនេសាទប្រកបដោយការទទួលខុសត្រូវ នឹងរួមចំណែកធ្វើឱ្យធនធានត្រីមានការកើនឡើង រក្សាប្រភពអាហារ និងជីវភាពប្រជាពលរដ្ឋ ព្រមទាំងបន្សល់ទុកធនធានធម្មជាតិដ៏មានតម្លៃនេះសម្រាប់មនុស្សជំនាន់ក្រោយ៕
ដោយ៖ ឈុន សារ៉ាត





