ទីក្រុងហ្វូចូវរក្សាបេតិកភណ្ឌវប្បធម៌ឱ្យនៅរស់រវើក តាមរយៈភាពបើកចំហ និងការផ្លាស់ប្តូរគ្នាទៅវិញទៅមក
AKP ភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ -- ទីក្រុងហ្វូចូវ ដែលជាទីក្រុងមាត់សមុទ្រមួយក្នុងខេត្តហ្វូជៀន និងមានប្រវត្តិសាស្ត្រជាង ២.២០០ឆ្នាំនោះ ត្រូវបានគេស្គាល់ថា ជាទីក្រុងដែលមានភាពបៃតងស្រស់បំព្រង មានបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងមានភាពបើកចំហទាក់ទងនឹងវិស័យសមុទ្រ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងនេះបានផ្តល់អាទិភាពលើការងារអភិរក្ស តាមរយៈការថែរក្សាអគារប្រវត្តិសាស្ត្រ សិប្បកម្មប្រពៃណី និងការចងចាំរួមរបស់សហគមន៍។
តំបន់សំខាន់មួយ គឺតំបន់ «សានហ្វាង ឈីសៀង» ឬ «ផ្លូវធំបី និងផ្លូវតូចប្រាំពីរ» ដែលជាតំបន់ទីក្រុងបុរាណមួយ ត្រូវបានគេចាត់ទុកថា ជា «ហ្វូស៊ីលរស់» នៃការរៀបចំទីក្រុង និងជាសារមន្ទីរស្ថាបត្យកម្មពីសម័យរាជវង្សមីងនិងរាជវង្សឈីង។ តាមរយៈការអនុវត្តវិធីសាស្ត្រជួសជុលជាដំណាក់កាលៗក្នុងកម្រិតតូច ដើម្បីស្តារសំណង់ទាំងនេះឱ្យត្រឡប់ទៅរកសភាពដើមវិញ ទីក្រុងហ្វូចូវនៅតែបន្តថែរក្សាបេតិកភណ្ឌរបស់ខ្លួន ទាំងតាមរយៈការរៀបចំពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី និងការកែលម្អទេសភាពតាមដងផ្លូវនានា។
ទីក្រុងហ្វូចូវរក្សាប្រវត្តិសាស្ត្ររបស់ខ្លួនឱ្យនៅរស់រវើកដោយការរួមបញ្ចូលគ្នាយ៉ាងរលូននូវបេតិកភណ្ឌប្រពៃណីទៅក្នុងជីវិតប្រចាំថ្ងៃសម័យទំនើប។ អ្នកជំនាញ ដូចជាអ្នកប្រវត្តិសាស្ត្រកូរ៉េខាងត្បូង លោក យូ ហូអ៊ីនបានកត់សម្គាល់ថា ទីតាំងប្រវត្តិសាស្ត្រ ដូចជាតំបន់ «សានហ្វាង ឈីសៀង»នៅតែជាសហគមន៍ដ៏រស់រវើក និងរស់នៅរួមជាមួយនឹងសកម្មភាពវប្បធម៌ថ្មីៗ។ កិច្ចខិតខំប្រឹងប្រែងអភិរក្សក្នុងស្រុក ក៏ជម្រុញទឹកចិត្តដល់អ្នកបង្កើតអន្តរជាតិផងដែរ ដូចជាវិចិត្រករអ៊ីតាលី លោក ហ្រ្វេនស៊ីស្កូ ហ្គុមបូលី ដែលលាយបញ្ចូលគ្នានូវបេតិកភណ្ឌវប្បធម៌អរូបីរបស់ទីក្រុងហ្វូចូវជាមួយនឹងសិល្បៈសហសម័យផងដែរ។
នៅក្នុងឆ្នាំ២០១៥ ស្រុកយ៉ុងតៃ បានចាប់ផ្តើមជួសជុលឡើងវិញនូវភូមិគ្រឹះដែលមានកំពែងការពារដ៏មានប្រវត្តិយូរលង់ ដែលនាំឱ្យមានការរកឃើញឯកសារជាច្រើនសន្ធឹកសន្ធាប់ពីសម័យរាជវង្សមីង និងរាជវង្សឈីងដែលបានកត់ត្រាលម្អិតអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងភូមិ។ ក្រុមអ្នកស្រាវជ្រាវមួយក្រុមដឹកនាំដោយលោក ចេង ចេនម៉ាន់ មកពីសាកលវិទ្យាល័យសៀមេន រួមជាមួយអ្នកប្រវត្តិសាស្ត្រមកពីសាកលវិទ្យាល័យហាវើដ គឺលោក មីឈែល អេ. អេសហ្សុនយី បានសិក្សាឯកសារទាំងនេះ ដែលបានផ្តល់នូវការយល់ដឹងថ្មីដ៏សំខាន់មួយតាមរយៈទស្សនៈ «ពីក្រោមឡើងលើ» អំពីសង្គមជនបទចិនបែបប្រពៃណី។ ដោយសារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយតំបន់នេះ លោក អេសហ្សុនយី ត្រូវបានគេផ្តល់កិត្តិយសឱ្យក្លាយជា «អ្នកភូមិកិត្តិយស» ហើយទទួលបានសោជានិមិត្តរូបសម្រាប់ភូមិគ្រឹះ សេងពីងជ័ង ផងដែរ។ ជាចុងក្រោយ ការប្តេជ្ញាចិត្តរបស់ទីក្រុងហ្វូចូវ ក្នុងការអភិរក្សទាំងទីតាំងប្រវត្តិសាស្ត្រ និងឯកសារប្រវត្តិសាស្ត្រ បានបន្តទាក់ទាញអ្នកប្រាជ្ញ និងអ្នកបង្កើតស្នាដៃអន្តរជាតិ ដែលជួយជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌ជាបន្តបន្ទាប់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BRNN)





