អភិបាលខេត្តព្រះសីហនុជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្មគ្រ័ចិត្តទៅរស់នៅខេត្តស្ទឹងត្រែង
AKP ព្រះសីហនុ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦--នារសៀលថ្ងៃសុក្រទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុបានអញ្ជើញសំណេះ សំណាលជាមួយប្រជាពលរដ្ឋដែលទទួលបានដីឡូត្តិ៍ និងផ្ទះចំនួន ៥គ្រួសារ ទៅរស់នៅខេត្តស្ទឹងត្រែង ។

ប្រជាពលរដ្ឋដែលទទួលបានដីឡូត្តិ៍ទាំង៥គ្រួសារនោះគឺប្រជាពលរដ្ឋនៅស្រុកព្រៃនប់ ២គ្រួសារ,ប្រជាពលរដ្ឋស្រុកស្ទឹងហាវ ២គ្រួសារ និងប្រជាពលរដ្ឋក្រុងព្រះសីហនុ ១គ្រួសារ ។ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសដើម្បីបង្កើនជីវភាពគ្រួសារ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយផ្តោតអាទិភាព មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា។

ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា នេះជាការគិតគូរបស់ប្រមុខរាជរដ្ឋាភិបាលចំពោះបងប្អូន យើងត្រូវខំប្រឹងដោយខ្លួនឯង ខ្លួនឯងខិតខំដើម្បីបង្កើនជីវភាពគ្រួសារ។ នេះគឺជាផ្នែកមួយនៃ «កម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបងប្អូនទទួលបានដីឡូត្តិ៍ និងផ្ទះរស់នៅស្របច្បាប់។ ម្យ៉ាងទៀតគោលបំណងជួយប្រជាពលរដ្ឋក្រីក្រ និងគ្រួសារដែលគ្មានដីធ្លីពិតប្រាកដ ដោយផ្តល់ដី និងផ្ទះជូនពួកគាត់រស់នៅ និងបង្កបង្កើនផលស្របច្បាប់នៅក្នុងខេត្តស្ទឹងត្រែង។ ហើយការស្ម័គ្រចិត្តទៅរស់នៅ និងអភិវឌ្ឍជីវភាពនៅទីតាំងដីដែលបានរៀបចំក្នុងខេត្តស្ទឹងត្រែង។

ឯកឧត្តមអភិបាលខេត្តបានបន្តថា រដ្ឋបាលខេត្តលើកទឹកចិត្ត និងជួយសម្រួលដល់ការធ្វើដំណើរ ដើម្បីធានាថា ប្រជាពលរដ្ឋអាចរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតបានសុខសាន្ត. ព្រមទាំងប្រសាសន៍ផ្តាំផ្ញើសួរសុខទុកបងប្អូនទាំង៥គ្រួសារ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនបានស្មគ្រ័ចិត្តចាប់ឆ្នោតទៅរស់នៅខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលក៏បាននាំយកអំណោយ សាខាកាកបាទក្រហមខេត្ត ឧបត្ថម្ភជូនបងប្អូនស្មគ្រ័ចិត្តទាំង ៥គ្រួសារ រួមមាន៖ អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ បាកាស ១កេស ទឹកសុទ្ធ ១កេស កន្ទេល១ សម្ភារៈផ្ទះបាយ មួយឈុត ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកា សម្តេច ហ៊ុន ម៉ាណែត និងលោកជំទាវ ២លានរៀល៕
ដោយ ងូ សុមុនី





