អាជ្ញាធរខេត្តបន្ទាយមានជ័យ និងអង្គការទស្សនៈពិភពលោក ចែកស្បៀងអាហារជូនពលរដ្ឋ១៥០គ្រួសាររងផលប៉ះពាល់ដោយទឹកជំនន់នៅស្រុកមង្គលបូរី
AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦-- លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានជួបសំណេះសំណាល និងចែកស្បៀងអាហារជូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងគោលបំណងចូលរួមសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងផលប៉ះពាល់ពីគ្រោះធម្មជាតិ។

ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅភូមិបឹងឃ្លាំង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកស្រី រ៉ូណា ថារ៉ត(Rona Tharot) ប្រធានផ្នែកនយោបាយនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រីបណ្ឌិត ថាន ធីហា នាយិកាប្រចាំប្រទេសស្តីទីនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ព្រមទាំងអភិបាលរងស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមការងារអង្គការទស្សនៈពិភពលោកអន្តរជាតិ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក ឃ្លោក នួយ បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជូនចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ ព្រមទាំងបានបង្ហាញនូវការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការលំបាកដែលប្រជាពលរដ្ឋកំពុងជួបប្រទះក្នុងអំឡុងពេលមានគ្រោះធម្មជាតិ។
លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរួមសហការរវាងអាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងសប្បុរសជន ក្នុងការជួយគាំទ្រដល់ប្រជាពលរដ្ឋដែលជួបការលំបាក ជាពិសេសគ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដើម្បីឱ្យពួកគាត់ទទួលបានជំនួយសង្គ្រោះទាន់ពេលវេលា និងអាចបន្តជីវភាពរស់នៅបានល្អប្រសើរឡើងវិញ។

លោកអភិបាលរងខេត្តក៏បានថ្លែងអំណរគុណចំពោះស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងអង្គការទស្សនៈពិភពលោកអន្តរជាតិ ដែលបានចូលរួមចំណែកជាមួយអាជ្ញាធរខេត្តក្នុងការជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។ ការចូលរួមនេះបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការចែករំលែក និងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ ក្នុងការឆ្លើយតបចំពោះតម្រូវការចាំបាច់របស់សហគមន៍ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ។
ជាមួយគ្នានេះ ការផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋទាំង១៥០គ្រួសារ មិនត្រឹមតែជាការជួយសម្រាលបន្ទុកចំណាយលើស្បៀងអាហារប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្តល់កម្លាំងចិត្តដល់គ្រួសារដែលកំពុងប្រឈមនឹងការលំបាក ដើម្បីឱ្យពួកគាត់មានសង្ឃឹម និងមានភាពកក់ក្តៅក្នុងការជម្នះផលប៉ះពាល់ពីទឹកជំនន់។ ការចូលរួមរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ និងដៃគូពាក់ព័ន្ធក្នុងសកម្មភាពមនុស្សធម៌នេះ ក៏បានបង្ហាញពីតួនាទីសំខាន់នៃភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងអង្គការមនុស្សធម៌ ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយ និងជួយគាំទ្រដល់សហគមន៍ដែលងាយរងគ្រោះ។

សកម្មភាពនេះជាការរួមចំណែកមួយក្នុងការជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ និងបង្ហាញពីសារៈសំខាន់នៃការបន្តពង្រឹងកិច្ចសហការរវាងអាជ្ញាធរ អង្គការដៃគូ និងសហគមន៍ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
ដោយ ឈុន សារ៉ាត





