សម្តេចធិបតី ហ៊ុន ម៉ាណែត៖ លោក អ៊ុ សំអាន មានភាពក្រឡេចក្រឡុច
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា លោក អ៊ុ សំអាន ជាមនុស្សក្រឡេចក្រឡុច មិនអាចមានភាពជឿជាក់នោះទេ ទាំងខ្លួនមិនមានភស្តុតាងច្បាប់លាស់ពាក់ព័ន្ធការចោទរាជរដ្ឋាភិបាលកាត់ទឹកដីនៅបង្គោលព្រំដែនលេខ៥២និង៥៩នៅខេត្តបាត់ដំបងឱ្យទៅថៃ។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមឆ្នាំ ២០២៦-២០៣០ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖«លោកអ៊ុ សំអាន មានភាពក្រឡេចក្រឡុច កំសាក គ្មានភស្តុតាងច្បាស់លាស់ សម្រាប់ដាក់បន្ទុកចំពោះការចោទប្រកាន់លើរាជរដ្ឋាភិបាលនោះទេ គាត់ប្រៀបដូចជាអ្នកក្លាហានស្រាតខោលើកពានជ័រ»។
សម្តេចបវរធិបតីបានបន្តថា៖គាត់អត់មានអីជាភស្តុតាងនោះទេ! គាត់គ្រាន់តែឆ្លើយចំពោះអ្នកសួរសារគាត់តែពីរឬបីដងដឹងតែបាត់ដីតែម្តង ខ្ញុំអត់និយាយលេងនោះទេ ខ្ញុំគ្រាន់តែសង្ខេបគាត់និយាយ «...» ចុងក្រោយគាត់បានលើកឡើងថាគាត់អត់ដឹងអីទេទាល់តែបារាំងបានដឹង ចុះចោទគេថាធ្វើឱ្យបាត់ទឹកដីត្រង់ណាបើអត់ដឹងអីផងហ្នឹង?។

សម្តេចធិបតីបានគូសបញ្ជាក់ថា៖«អីចឹងគាត់បានស្រាតខោគាត់រួចហើយទៅ បានន័យថា ដើរស្រាតខោលើកពានជ័រទាំងខ្លួនឯង ចេះឥតទាំងដឹង អីចឹងគ្រាន់តែប៉ុណ្ណឹង ប្រជាពលរដ្ឋនៅទូទាំងប្រទេសទាំងក្នុង និងក្រៅប្រទេសដឹង។ ជំហរប្រែប្រួលរហូត ដោយនិយាយពីការលើកលែងទោស និយាយពីផែនទី និយាយពីព្រំដែនទាំងមូល ។ អីចឹងគាត់ក្រឡេចក្រឡុច អត់មានភាពជឿជាក់ តើបងប្អូនជឿគាត់បែបម៉េច? »។
សម្តេចធិបតីបានបន្ថែមថា ប្រសិនបើក្រុមគាត់ចូលមកកម្ពុជាហើយមានឯកសារពិតប្រាកដត្រឹមត្រូវអាចធ្វើការជាមួយគ្នាបន្តទៀត ប៉ុន្តែបើគ្មានមូលដ្ឋានច្បាស់លាស់ទេខ្ញុំមិនចាប់ខ្លួននោះទេ តែសូមក្រុមលោកបិទមាត់សិនទៅ ដោយកុំយករឿងព្រំដេនជា រឿងនយោបាយ ទុកឱ្យរាជរដ្ឋាភិបាលជាអ្នកដោះស្រាយ និងកុំបង្កើតរឿងគ្មានមូលដ្ឋានដើម្បីចំណេញ។យ៉ាងណាក្តីគាត់ប្រហែលជាមិនហ៊ាននោះទេ ព្រោះថាគ្រាន់តែមកក៏ចាត់ដំណាងឱ្យមកដែរ។
ជាមួយគ្នានោះ សម្តេចបវរធិបតីបានលើកឡើងថា ទោះបីជាក្រុមលោក អ៊ុ សំអាន មកហើយចង់ចរចាជាមួយរាជរដ្ឋាភិបាលជាកញ្ចប់គឺគ្មានទេ ព្រោះរាជរដ្ឋាភិបាលគ្មានការចរចាណាមួយនោះទេគឺមានតែចរចាជាមួយថៃ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី៖«លេងខូចម្ល៉េះ! ក្រឡេកក្រឡុច ពួកគាត់តាំងខ្លួនជាអ្នកនយោបាយជាចលនានយោបាយមូយ តម្លៃរបស់គាត់ស្ថិតត្រង់សមត្ថភាព តែឥឡូវបើគាត់ហ៊ានចូលមក ប៉ុន្តែគាត់គ្មានអ្វីបង្ហាញទាំងអស់ គាត់បានតែនិយាយ ដែលចំណុចនេះគឺគាត់លើកពានស្រាតខោរួចហើយ »៕
ដោយ៖ប៊ុនរិទ្ធ





