លោក គាត ហ៊ុល អំពាវនាវឱ្យពលរដ្ឋចូលរួមទុកដាក់សំរាមត្រឹមត្រូវ ដើម្បីកែលម្អសោភ័ណភាព និងបរិស្ថានក្រុងប៉ោយប៉ែត
AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ -- លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមសហការគ្នាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងរក្សាអនាម័យបរិស្ថានជាប្រចាំ ដើម្បីលើកកម្ពស់សោភ័ណភាពទីប្រជុំជន ធ្វើឱ្យក្រុងប៉ោយប៉ែតមានភាពស្អាតស្អំ មានបរិស្ថានល្អ និងគួរជាទីរស់នៅ។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលរដ្ឋបាលក្រុងប៉ោយប៉ែតរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយ «ទិវាអនាម័យ បរិស្ថាន» នៅបរិវេណសួនតេជោ ឈ្នះ ឈ្នះ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ នេះ ដោយមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា។

ក្នុងឱកាសនោះ លោក គាត ហ៊ុល បានបញ្ជាក់ថា យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃអនាម័យបរិស្ថាន បំផុសស្មារតីចូលរួមពីគ្រប់មជ្ឈដ្ឋាន និងជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅ ជាពិសេសការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងការថែរក្សាអនាម័យនៅតាមលំនៅឋាន ទីសាធារណៈ ផ្សារ ផ្លូវថ្នល់ និងតំបន់ប្រកបអាជីវកម្មនានា។
លោកអភិបាលក្រុងបានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមអនុវត្តអនាម័យបរិស្ថានដោយចាប់ផ្តើមពីខ្លួនឯង និងក្រុមគ្រួសារ ព្រមទាំងចៀសវាងការបោះចោលសំរាមពាសវាលពាសកាល ដែលអាចប៉ះពាល់ដល់សោភ័ណភាពទីក្រុង បង្កការរំខានដល់ការរស់នៅ និងធ្វើឱ្យបរិស្ថានកាន់តែមានភាពកខ្វក់។ ការទុកដាក់សំរាមបានត្រឹមត្រូវ ការសម្អាតទីធ្លាមុខផ្ទះ និងការចូលរួមថែរក្សាទីសាធារណៈ គឺជាសកម្មភាពសាមញ្ញដែលប្រជាពលរដ្ឋគ្រប់រូបអាចអនុវត្តបាន ដើម្បីរួមចំណែកធ្វើឱ្យមូលដ្ឋានរបស់ខ្លួនកាន់តែស្រស់ស្អាត។
លោក គាត ហ៊ុល បានសង្កត់ធ្ងន់ថា ការកសាងទីក្រុងស្អាតមិនអាចសម្រេចបានតែតាមរយៈការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ អាជីវករ ម្ចាស់អាជីវកម្ម ស្ថាប័នរដ្ឋ និងវិស័យឯកជនផងដែរ។ ដូច្នេះ ការយល់ដឹង និងការទទួលខុសត្រូវរួមចំពោះបរិស្ថាន គឺជាកត្តាសំខាន់ក្នុងការរក្សាបាននូវសណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណភាពក្នុងទីប្រជុំជន។

លោកក៏បានលើកឡើងថា ការថែរក្សាបរិស្ថានមិនគួរធ្វើឡើងតែក្នុងអំឡុងពេលយុទ្ធនាការប៉ុណ្ណោះទេ ប៉ុន្តែត្រូវបន្តអនុវត្តជាទម្លាប់ប្រចាំថ្ងៃ ដើម្បីធានាថា ទីប្រជុំជនក្រុងប៉ោយប៉ែតមានភាពស្អាតជាប់ជាប្រចាំ។ ការចូលរួមរបស់ប្រជាពលរដ្ឋម្នាក់ៗ ទោះបីជាសកម្មភាពតូចតាចក៏ដោយ ក៏អាចបង្កើតជាផលវិជ្ជមានដ៏ធំធេងដល់សហគមន៍ទាំងមូល ប្រសិនបើគ្រប់គ្នាចេះសហការគ្នា និងអនុវត្តដោយមានការទទួលខុសត្រូវ។
ជាមួយគ្នានេះ យុទ្ធនាការអប់រំផ្សព្វផ្សាយ «ទិវាអនាម័យ បរិស្ថាន» ក៏ជាឱកាសមួយក្នុងការជំរុញឱ្យសហគមន៍មានស្មារតីស្រឡាញ់បរិស្ថាន និងចូលរួមថែរក្សាសម្បត្តិសាធារណៈ ដោយយល់ថា បរិស្ថានស្អាត គឺជាកត្តារួមចំណែកដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យទីក្រុងមានភាពទាក់ទាញសម្រាប់ការរស់នៅ ការប្រកបអាជីវកម្ម និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។

រដ្ឋបាលក្រុងប៉ោយប៉ែតរំពឹងថា តាមរយៈយុទ្ធនាការនេះ ប្រជាពលរដ្ឋនឹងកាន់តែយល់ដឹងពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនក្នុងការថែរក្សាអនាម័យបរិស្ថាន ហើយចូលរួមអនុវត្តសកម្មភាពជាក់ស្តែងឱ្យបានទូលំទូលាយ ដើម្បីរួមគ្នាប្រែក្លាយក្រុងប៉ោយប៉ែតឱ្យក្លាយជាទីក្រុងស្អាត មានសណ្តាប់ធ្នាប់ មានសោភ័ណភាព និងបរិស្ថានល្អប្រសើរ គួរជាទីរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប៕
ដោយ៖ ឈុន សារ៉ាត





