ឯកឧត្តម សុខ លូ នាំអំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនៅ ក្រុងបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦–ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បាននាំយកអំណោយរបស់សប្បុរសជនផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ២០០គ្រួសារនៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈជាពិសេសនៅក្នុងគ្រាដែលប្រជាពលរដ្ឋជួបការលំបាក។ ឯកឧត្តម បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ ក្នុងមូលដ្ឋានដែលខិតខំចុះជួយសង្គ្រោះប្រជាពលរដ្ឋក្នុងពេលមានការលំបាកដោយគ្រោះទឹកជំនន់ និងគ្រប់គ្រងស្ថានការបានដោយមិនឱ្យពលរដ្ឋជួបគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភអំណោយជាគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់តាមរយៈរដ្ឋបាលខេត្ត ដើម្បីបន្តនាំយកមកចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងជួបការលំបាកខ្វះខាត។ ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ជាពិសេសមើលថែទាំមនុស្សចាស់ជរា និងកុមារតូចៗ ប្រកាន់ខ្ជាប់នូវអនាម័យ ហូបស្អាត ទទួលទានទឹកឆ្អិន ឬទឹកស្អាត បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអសិរពិស និងគ្រោះថ្នាក់នៃការលង់ទឹកដោយយថាហេតុ ជាពិសេសប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម។ បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អប់រំកូនចៅឱ្យខិតខំសិក្សារៀនសូត្រ ចូលរួមគោរពច្បាប់ចរាចរណ៍ ថែរក្សាអនាម័យបរិស្ថានជុំវិញផ្ទះ និងចៀសឆ្ងាយពីគ្រឿងញៀន។
ប្រជាពលរដ្ឋ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកជូនប្រជាពលរដ្ឋនៅគ្រប់ពេលវេលា ៕



ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





