អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញឱ្យរួមគ្នាថែរក្សាប្រភពទឹក និងសន្សំសំចៃការប្រើប្រាស់ ដើម្បីត្រៀមទប់ទល់នឹងរដូវប្រាំងខាងមុខ
AKPបន្ទាយមានជ័យថ្ងៃទី២១ខែតុលាឆ្នាំ២០២៦--លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរដែនដី មន្ទីរ-អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តសហការគ្នាថែរក្សាប្រភពទឹកនៅតាមអាងទឹក បឹង បួ អូរ និងត្រពាំង ព្រមទាំងគ្រប់គ្រងការប្រើប្រាស់ទឹកឱ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវទឹកប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ និងការបង្កបង្កើនផលក្នុងរដូវប្រាំងដែលនឹងចូលមកដល់នាពេលខាងមុខ។

ការជំរុញនេះបានធ្វើឡើងក្នុងឱកាសដែលលោក ឃ្លោក នួយ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកនៅអាងអូរម្កាក់ និងត្រៀមរៀបចំដាក់ទ្វារទឹកឡើងវិញ ដើម្បីរក្សាទឹកទុកសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រើប្រាស់ ស្ថិតនៅភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ការយកចិត្តទុកដាក់លើការរក្សាទឹកទុកតាមអាងទឹក និងការរៀ បចំប្រព័ន្ធគ្រប់គ្រងទឹកឱ្យបានសមស្រប ត្រូវបានចាត់ទុកថាជាកិច្ចការសំខាន់មួយក្នុងការត្រៀមលក្ខណៈឆ្លើយតបនឹងតម្រូវការទឹកនារដូវប្រាំង ជាពិសេសការ ធានាទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងការប្រកបរបរកសិកម្មរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ការត្រៀមរៀបចំដាក់ទ្វារទឹកឡើងវិញនៅអាងអូរម្កាក់ ក៏ជាវិធានការមួយក្នុងការ គ្រប់គ្រង និងរក្សាបរិមាណទឹកដែលមានស្រាប់ឱ្យបានល្អ ដើម្បីកាត់បន្ថយការបាត់បង់ទឹកដោយមិនចាំបាច់ និងជួយបង្កើនលទ្ធភាពប្រើប្រាស់ទឹកនៅពេលដែលបរិមាណទឹកភ្លៀងមានការថយចុះ។
ជុំវិញបញ្ហានេះ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងស្តីពីការចាត់វិធានការថែរក្សាទឹកទុក ដោយផ្អែកលើការព្យាករ ការតាមដាន និងការវិភាគលើស្ថានភាពវិវត្តន៍នៃអាកាសធាតុជាសកល តំបន់ និងក្នុងប្រទេសកម្ពុជា។
តាមសេចក្តីជូនដំណឹងនេះ រដូវវស្សាឆ្នាំ២០២៦ ត្រូវបានព្យាករថានឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ខណៈបាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករថានឹងស្ថិតក្នុងកម្រិត ១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។ ការបញ្ចប់ឥទ្ធិពលរបបខ្យល់មូសុងនិរតី និងការកើនឡើងនៃឥទ្ធិពលខ្យល់មូសុងឦសាន នឹងនាំឱ្យបរិមាណទឹកភ្លៀងមានកម្រិតខ្សោយ ខណៈផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងបាតុភូតអាកាសធាតុមួយចំនួនទៀត អាចកើតមាននៅតាមតំបន់មួយចំនួនក្នុងប្រទេស។
ស្ថានភាពអាកាសធាតុខាងលើបង្ហាញពីភាពចាំបាច់នៃការរៀបចំផែនការគ្រប់គ្រងធនធានទឹកឱ្យបានទាន់ពេលវេលា ព្រោះការថយចុះនៃទឹកភ្លៀងអាចធ្វើឱ្យបរិមាណទឹកដែលមានស្រាប់នៅតាមអាងទឹក បឹង បួ និងប្រភពទឹកធម្មជាតិផ្សេងៗ ក្លាយជាធនធានដ៏មានតម្លៃសម្រាប់បំពេញតម្រូវការរបស់ប្រជា ពលរដ្ឋក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ ក្រសួង ធនធានទឹក និងឧតុនិយម បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ថែរក្សាប្រភពទឹក ពិនិត្យ និងវាយតម្លៃសក្តានុពលទឹកដែលមានស្រាប់ ព្រមទាំងរៀបចំផែនការប្រើប្រាស់ទឹកដោយកំណត់អាទិភាពជាពីរផ្នែកសំខាន់ៗ។
ទី១ គឺការផ្គត់ផ្គង់ទឹកសម្រាប់ជីវភាពរស់ នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលត្រូវបានកំណត់ជាអាទិភាពចម្បង។ ទី២ គឺការប្រើប្រាស់ទឹកសម្រាប់ការបង្កបង្កើន ផលស្រូវរដូវប្រាំង និងដំណាំរួមផ្សំ ដោយត្រូវគិតគូរឱ្យសមស្របទៅនឹងបរិមាណទឹកដែលមាន និងស្ថានភាពជាក់ស្តែងក្នុងតំបន់នីមួយៗ។
ការកំណត់អាទិភាពនេះមានសារៈ សំខាន់ក្នុងការជួយឱ្យការបែងចែកទឹកប្រព្រឹត្តទៅដោយមានផែនការ កាត់ បន្ថយហានិភ័យនៃការខ្វះខាតទឹក និងជួយឱ្យប្រជាកសិករអាចរៀបចំផែនការផលិតកម្មកសិកម្មរបស់ខ្លួនបានសម ស្របទៅតាមសក្តានុពលធនធានទឹកដែលមាន។
ជាមួយគ្នានេះ ការថែរក្សាទឹកទុកមិនមែនជាការទទួលខុសត្រូវរបស់ស្ថាប័នជំនាញ ឬអាជ្ញាធរមូលដ្ឋានតែមួយមុខនោះទេ ប៉ុន្តែត្រូវការការចូលរួមពីគ្រប់ភាគី ចាប់ពីការថែរក្សាសំណង់ធារាសាស្ត្រ ការទប់ស្កាត់ការបាត់បង់ទឹក ការគ្រប់គ្រងការប្រើប្រាស់ទឹក រហូតដល់ការប្រើប្រាស់ទឹកដោយសន្សំសំចៃនៅតាមគ្រួសារ និងសហគមន៍។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារ ណជន ឱ្យបន្តសហការក្នុងការថែរក្សាប្រភពទឹកសម្រាប់រដូវប្រាំងខាងមុខ និងចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅតំបន់ជនបទដាច់ស្រយាលដែលស្ថិតនៅឆ្ងាយពីប្រភពទឹក។

សម្រាប់ខេត្តបន្ទាយមានជ័យ ការចុះពិនិត្យស្ថានភាពទឹកនៅអាងអូរម្កាក់ និងការត្រៀមរៀបចំដាក់ទ្វារទឹកឡើងវិញ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់លើការគ្រប់គ្រងធនធានទឹកនៅមូលដ្ឋាន ដើម្បីត្រៀមបម្រុងទឹកសម្រាប់តម្រូវការរបស់ប្រជាពលរដ្ឋនៅពេលរដូវប្រាំងមកដល់។
ក្នុងបរិបទដែលអាកាសធាតុមានការប្រែប្រួល ការរក្សាទឹកទុកឱ្យបានគ្រប់គ្រាន់ និងការប្រើប្រាស់ទឹកឱ្យមានប្រសិទ្ធភាព គឺជាកត្តាដ៏សំខាន់សម្រាប់ការពារជីវភាពប្រជាពលរដ្ឋ គាំទ្រផលិតកម្មកសិកម្ម និងកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានពីការខ្វះខាតទឹក។
ដូច្នេះ ការចូលរួមថែរក្សាប្រភពទឹកចាប់ពីពេលនេះ គឺជាការត្រៀមលក្ខណៈរួមគ្នាសម្រាប់ថ្ងៃអនាគត ដោយអាជ្ញាធរមានតួនាទីក្នុងការគ្រប់គ្រង និងរៀបចំផែនការ ស្ថាប័នជំនាញមានភារកិច្ចតាមដាន និងវាយតម្លៃសក្តានុពលទឹក ខណៈប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ និងមានការទទួលខុសត្រូវ ដើម្បីធានាថាធនធានទឹកដែលមានស្រាប់អាចបម្រើតម្រូវការរួមបានយូរអង្វែង៕
ដោយ៖ឈុនសារ៉ាត





