រដ្ឋបាលក្រុងតាខ្មៅរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ដើម្បីការអភិវឌ្ឍមូលដ្ឋាន
AKP កណ្ដាល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦--ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលក្រុងតាខ្មៅបានរៀបចំ «សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) នៅថ្នាក់ក្រុង» ក្រោមអធិបតីភាព លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង លោក-លោកស្រី អភិបាលរងក្រុង មន្ត្រីរាជការជុំវិញក្រុង ក៏ដូចជាតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងប្រមូលផ្ដុំ និងសម្របសម្រួលគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ ដែលបានសំណូមពរមកដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុង ធានាឲ្យបាននូវការឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងការប្រើប្រាស់ធនធានថវិកាប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាលបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ និងក្រុង ដែលជាត្រីវិស័យមិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យឡើងវិញនូវរាល់គម្រោងអាទិភាពនានា ដោយផ្តោតជាចម្បងលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការពង្រឹងសេវាសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន។ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងមន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវបន្តកិច្ចសហការគាំទ្រយ៉ាងសកម្ម ទាំងផ្នែកបច្ចេកទេស និងថវិកា ក្នុងការបំពេញបន្ថែមលើសេចក្តីត្រូវការរបស់មូលដ្ឋានក្រុង ដែលនៅសេសសល់ ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
គម្រោងដែលសង្កាត់-ក្រុង បានស្នើឡើងសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ សរុបមានចំនួន ៣៨៦ គម្រោងក្នុងនោះរួមមាន៖ វិស័យកសិកម្ម ៥គម្រោង វិស័យអាជីវកម្ម ៥៩គម្រោង វិស័យអប់រំ ៦០គម្រោង វិស័យសុខភាព ៨៨គម្រោង វិស័យភាពងាយរងគ្រោះ ១៥គម្រោង វិស័យបរិស្ថាន ៥៤គម្រោង វិស័យរដ្ឋបាល និងសន្តិសុខ ១០៥គម្រោង។

សូមជម្រាបផងដែរថា ជាលទ្ធផលក្នុងសិក្ខាសាលាសមាហរណកម្មនេះ គម្រោងរបស់ក្រុងតាខ្មៅទទួលបានការគាំទ្រសរុបចំនួន ១៣៥ គម្រោង លើគម្រោងស្នើសុំសរុប ៣៨៦ គម្រោង ស្មើនឹង ៣៥ភាគរយ ក្នុងនោះទទួលបានការគាំទ្រក្នុងគម្រោង ចំនួន៩៧ គម្រោង ស្មើនឹង ២៥ភាគរយ ទទួលបានការគាំទ្រ ក្រៅគម្រោង ចំនួន៣៨គម្រោង ស្មើនឹង ១០ភាគរយ ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





