រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងឯកអគ្គរាជទូតជប៉ុន ឯកភាពគ្នាពង្រីកការផ្លាស់ប្តូរទ្វេភាគីក្នុងវិស័យការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក កាង ស៊ីនជុល បានជួបជាមួយឯកអគ្គរាជទូតជប៉ុន លោក កូអ៊ីឈី មីហ្ស៊ូស៊ីម៉ា កាលពីថ្ងៃចន្ទ ដោយបានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ។
នៅក្នុងជំនួបដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូលនោះ លោក កាងនិងលោក មីហ្ស៊ូស៊ីម៉ា បានឯកភាពគ្នាទៅលើភាពចាំបាច់ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរផ្នែកការពារជាតិក្នុងលក្ខណៈ«ទៅវិញទៅមក» និង «តម្រង់ទិសទៅអនាគត»។
ភាគីទាំងពីរក៏បានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសន្តិសុខរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ដែលកំពុងបន្តវិវត្តន៍ទៅមុខ។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានោះ លោក កាង បានជំរុញឱ្យឯកអគ្គរាជទូតជប៉ុនរូបនេះ ដើរតួនាទីជា «ស្ពាន» ដ៏រឹងមាំមួយរវាងប្រទេសទាំងពីរដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី៕





