កម្ពុជា និងឥណ្ឌា រួមគ្នាសម្ពោធបណ្ណាល័យវិទ្យាសាស្ត្រថ្មី នៅវិទ្យាល័យ អន្លង់វិល ខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃ១៩ ខែតុលា ឆ្នាំ២០២៦ -- «ការបង្កើតបណ្ណាល័យវិទ្យាសាស្ត្រ នៅស្រុកសង្កែ ខេត្តបាត់ដំបង» ដែលជាគម្រោងផ្តល់ផលរហ័ស (Quick Impact Project) ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅវិទ្យាល័យអន្លង់វិល ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ នេះ។

ពិធីសម្ពោធបណ្ណាល័យវិទ្យាសាស្ត្រនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរួមគ្នា រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រីបណ្ឌិត ថានូ ព្រីយ៉ា (Tanu Priya) ភារៈធារីស្តីទី នៃស្ថានទូតឥណ្ឌា និងមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងតំណាងសហគមន៍ជាច្រើនរូបផងដែរ។
នៅក្នុងប្រសាសន៍សំណេះសំណាល លោកស្រីបណ្ឌិត ថានូ ព្រីយ៉ា បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ និងយូរអង្វែង រវាងឥណ្ឌា និងកម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា អប់រំ នវានុវត្តន៍ និងការសិក្សាផ្នែកវិទ្យាសាស្ត្រ គឺជាសសរស្ដម្ភដ៏សំខាន់នៃអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកស្រីបានបន្ថែមថា បណ្ណាល័យវិទ្យាសាស្ត្រនេះនឹងផ្តល់លទ្ធភាពឱ្យសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងប្រជាសហគមន៍មូលដ្ឋាន ទទួលបានសៀវភៅវិទ្យាសាស្ត្រ ឧបករណ៍ពិសោធន៍ជាក់ស្តែង កុំព្យូទ័រ និងសម្ភារសិក្សាអនុវត្តផ្ទាល់ ដែលបង្កើតបានជាបរិយាកាសលើកកម្ពស់គំនិតចង់ដឹងចង់ឃើញ ការសាកល្បង និងការស្វែងរករបកគំហើញថ្មីៗ។ កាលពីខែមករា ឆ្នាំ២០២៦ កន្លងទៅ បណ្ណាល័យវិទ្យាសាស្ត្រស្រដៀងគ្នានេះមួយ ក៏ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ផងដែរ នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

អនុស្សរណៈនៃការយោគយល់គ្នាទី៤ ដែលជាគម្រោងផ្តល់ផលរហ័ស មួយថ្មីទៀតរវាងស្ថានទូតឥណ្ឌា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ការសាងសង់បណ្ណាល័យវិទ្យាសាស្ត្រនៅខេត្តកំពង់ធំ ត្រូវបានរំពឹងថានឹងត្រូវចុះហត្ថលេខានាពេលឆាប់ៗខាងមុខនេះ ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតរវាងស្ថាប័ននៃប្រទេសទាំងពីរលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការអប់រំ។
គំនិតផ្តួចផ្តើមទាំងនេះ ត្រូវបានគាំទ្រក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (Mekong–Ganga Cooperation ) ដែលតាមរយៈនេះ ប្រទេសឥណ្ឌាបានផ្តល់ថវិកាគាំទ្រដល់គម្រោងផ្តល់ផលរហ័ស ចំនួន១០ ក្នុងមួយឆ្នាំៗនៅកម្ពុជា លើវិស័យអាទិភាពនានា ដូចជា ការអប់រំ សុខាភិបាល ការលើកកម្ពស់ស្ត្រី អនាម័យ និងកសិកម្ម។ គិតមកទល់ពេលនេះ ប្រទេសឥណ្ឌាបានផ្តល់ជំនួយតាមរយៈគម្រោងផ្តល់ផលរហ័សនេះ ជាសរុបចំនួន៧៥ នៅតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះ ៥៥គម្រោងត្រូវបានបញ្ចប់ដោយជោគជ័យ និង ២០គម្រោងទៀតកំពុងដំណើរការអនុវត្ត ដោយគម្រោងទាំងអស់សុទ្ធតែឆ្លើយតបទៅនឹងតម្រូវការ និងអាទិភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រទេសឥណ្ឌានៅតែបន្តប្តេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការរឹតចំណងមិត្តភាពជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ក្រោមគោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត (Act East Policy) ដែលផ្អែកលើចំណងប្រវត្តិសាស្ត្រ និងអារ្យធម៌រួមគ្នាដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ជាបន្តបន្ទាប់របស់កម្ពុជា៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា)





