មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ មានមនុស្ស៤ក្រុមដែលធ្វើឱ្យការសិក្សារបស់សិស្សទទួលបានជោគជ័យ
AKPភ្នំពេញថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៦–
ឯកឧត្តមបណ្ឌិត ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និកីឡាបានថ្លែងថា មានមនុស្ស៤ក្រុមដែលធ្វើឱ្យការសិក្សារបស់សិស្សទទួលបានជោគជ័យ ក្នុងនោះមាន៣ក្រុមមនុស្សជាអ្នកគាំទ្រ ហើយ១ក្រុមមនុស្សគឺជាអ្នកសម្រេច។

ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ពឹង គិមឆេន យ៉ាងដូច្នេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្របឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សានុសិស្ស សាលាអន្តរជាតិ វេស្ទលេនដ៍ ដែលមានមូលដ្ឋានក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
បើតាម ឯកឧត្តមបណ្ឌិត ពឹង គិមឆេន ៣ក្រុមមនុស្សជាអ្នកគាំទ្រដើម្បីធ្វើឱ្យការសិក្សារបស់សិស្សទទួលបានជោគជ័យ រួមមាន៖ ទី១.មាតាបិតា អ្នកអាណាព្យាបាលសិស្ស ទី២.សាលារៀន ដែលសំដៅទៅដល់ថ្នាក់ដឹកនាំរបស់សាលា និងទី៣.គឺលោកគ្រូ អ្នកគ្រូ ដែលជាអ្នកនៅជួរមុខផ្ទាល់ជាមួយសិស្សានុសិស្សនេះតែម្តង។

ចំណែកឯ១ក្រុមមនុស្សទៀតដែលជាអ្នកសម្រេចនោះ គឺសិស្សខ្លួនឯងផ្ទាល់តែម្តង ដែលត្រូវសម្រេចថា បើមានអ្នកគាំទ្រហើយតើខ្លួនឯងត្រូវតែខំរៀន ដើម្បីឱ្យទទួលបានជោគជ័យដែរឬទេ នេះគឺជាការសម្រេចមួយដោយផ្ទាល់ និងដ៏សំខាន់បំផុតរបស់សិស្ស ដែលថាខ្លួនចង់ជោគជ័យ ឬមិនចង់ជោគជ័យ ខណៈដែលខ្លួនមានការគាំទ្រពីក្រុមមនុស្ស៣ក្រុមខាងលើហើយនោះ។ ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា បើទោះបីជាមាតាបិតា អ្នកអាណាព្យាបាលបានលះបង់ថវិកាក្នុងការចំណាយទៅឱ្យកូនចៅសិក្សារៀនសូត្រហើយ តែខ្លួនឯងដែលជាអ្នករៀន បែរជាមិនខំរៀននោះក៏ការចំណាយនេះវានឹងក្លាយទៅជាអាសាបង់ដោយគ្មានន័យអ្វីទាំងអស់។

ក្នុងន័យជំរុញឱ្យសិស្សយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សា ឯកឧត្តមបណ្ឌិត ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និកីឡាបានសង្កត់ធ្ងន់ថា កាលបើយើងមានការគាំទ្រពីមាតាបិតា អាណាព្យាបាលហើយនោះ យើងដែលជាសិស្សខ្លួនឯងតោងត្រូវខិតខំសិក្សារៀនសូត្រឱ្យបានខ្លាំងក្លា ដើម្បីអនាគតរបស់ខ្លួនឯង អនាគតរបស់គ្រួសារ និងអនាគតរបស់ប្រទេសជាតិ ព្រោះថាខ្លួនឯងមិនអាចរីកចម្រើនបានទេ បើខ្លួនឯងគ្មានចំណេះវិជ្ជាខ្ពង់ខ្ពស់ គ្រួសារមិនអាចរីកចម្រើនបានទេ បើគ្មានសមាជិកគ្រួសារដែលមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ហើយប្រទេសជាតិក៏ដូច្នោះដែរ គឺមិនអាចរីកចម្រើនបានទេ ប្រសិនបើពលរដ្ឋនៃប្រទេសមួយមិនសូវមានអ្នកចេះដឹងខ្ពង់ខ្ពស់។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្ថែមថា ដើម្បីធ្វើឱ្យការសិក្សាទទួលបានជោគជ័យ គឺគ្មានអ្វីក្រៅតែពីការខិតខំប្រឹងប្រែងក្នុងការរៀនសូត្រនោះទ គឺត្រូវរៀនដោយទំនុកចិត្តលើខ្លួនឯង រៀនប្រកបដោយវិន័យផ្ទាល់ខ្លួន រៀនប្រកបដោយការតាំងចិត្តក្នុងការតបស្នងចំពោះមនុស្សទាំង៣ក្រុមដែលជាអ្នកគាំទ្រសម្រាប់ការសិក្សារបស់យើង៕
ដោយ៖ ចាន់ សុភឿន





