ក្រសួងអប់រំត្រៀមបន្តរៀបចំពិធីរត់ភ្លើងគប់ និងប្រណាំងកង់ ព្រឹត្តិការណ៍កីឡាជាតិ នៅខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦--
ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានដឹកនាំក្រុមការងារប្រតិភូក្រសួង និងនាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡាជួបពិភាក្សាការងារស្តីពីការត្រៀមរៀបចំពិធីរត់ភ្លើងគប់ និងការត្រៀមរៀបចំការប្រកួតកីឡាប្រណាំងកង់ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ជាមួយលោកអភិបាលខេត្តរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ហួត សេងទ្រី ប្រធាននាយករៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងកងកម្លាំងជុំវិញខេត្ត។

កិច្ចប្រជុំនេះ ក្រសួងអប់រំ យុវជន និងកីឡាពិភាក្សាលើការត្រៀមរៀបចំកម្មវិធីរត់ភ្លើងគប់ ការចុះត្រួតពិនិត្យការងារ បច្ចេកទេស ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយកន្លែងស្នាក់នៅ ទីតាំងប្រកួត និងសុខាភិបាល សម្រាប់ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ចាប់ពីថ្ងៃទី០៥-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកែប កំពង់ឆ្នាំង និងខេត្តស្វាយរៀង។ ខេត្តកំពង់ឆ្នាំងត្រូវបានក្រសួងអប់រំ យុវជននិងកីឡា និងសហព័ន្ធកីឡាទោចក្រយានកម្ពុជាកំណត់យកជាទីកន្លែងប្រកួតកីឡាទោចក្រយាន ចាប់ពីថ្ងៃទី០៥-០ ៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិនាឆ្នាំនេះធ្វើឡើងក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។ កំពង់ឆ្នាំងជាខេត្តទី៣ ដែលនឹងត្រូវប្រារព្ធពិធីរត់ភ្លើងគប់កីឡាជាតិបន្តពីខេត្តស្វាយរៀង និងខេត្តកែប មុនឆ្ពោះចូលមករាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបើកជាផ្លូវការ នាថ្ងៃទី០៧ ខែវិច្ឆិកាខាងមុខ។
ជាមួយគ្នានេះ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី១៧ ខែតុលានេះថា សម្រាប់ប្រភេទកីឡាប្រណាំងកង់នៃព្រឹត្តិការណ៍កីឡាជាតិ នៅខេត្តកំពង់ឆ្នាំងនេះមានក្រុមប្រតិភូចូលរួម សរុប១០ក្រុមមកពី៨ មន្ទីរ រាជធានី-ខេត្ត និង២ក្រសួង និងមន្ត្រីគណៈកម្មការបច្ចេកទេសសហព័ន្ធ សរុបចំនួន ១២៨នាក់ ក្នុងនោះមានប្រតិភូ ១០នាក់ គ្រូបង្វឹក ១៥នាក់ កីឡាករ កីឡាការិនី ៧៣នាក់ គណៈកម្មការបច្ចេកទេសសហព័ន្ធ ៣០នាក់។

ចំពោះដំណើរការរៀបចំការប្រកួតប្រណាំងកង់រយៈពេល៤ថ្ងៃនេះ គឺនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦នឹងចេញដំណើរពីភ្នំពេញឆ្ពោះទៅកំពង់ឆ្នាំង ប្រជុំគណៈកម្មការបច្ចេកទេស ចែកស្លាកលេងកីឡាករ កីឡាការិនី ពិនិត្យបច្ចេកទេសកង់ និងពិនិត្យផ្លូវប្រណាំង។ ថ្ងៃទី០៦ ខែវិច្ឆិកា ចាប់ផ្តើមប្រកួតវិញ្ញាសាកង់ភ្នំបុរស-នារី។ នៅថ្ងៃទី០៧ ខែវិច្ឆិកា ចាប់ផ្តើមការប្រកួតកង់គួកបុរសជាក្រុម (TTT) ហើយនៅថ្ងៃទី០៨ ខែវិច្ឆិកា ចាប់ផ្តើមប្រកួតកង់គួកបុរសឯកត្តជន (Men Criterium) និងប្រកាសលទ្ធផលជាមួយពិធីបំពាក់មេដាយជូនដល់ម្ចាស់ជ័យលាភីបិទកម្មវិធីតែម្តង។

សង្កត់ធ្ងន់បន្ថែមពីលើនេះ លោក នូ ចំរើន បានលើកឡើងថា ការប្រកួតកីឡាទោចក្រយាន ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៥ ឆ្នាំ២០២៦ គឺជាការអនុវត្តការងារបច្ចេកទេសរៀបចំការប្រកួត ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាយុវជនអាស៊ី លើកទី៦ ឆ្នាំ២០៣១ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងនាមសហព័ន្ធ លោកបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ក្រសួងអប់រំ យុជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលតែងតែជួយសម្របសម្រួល និងសហការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិកន្លងមក ហើយសហព័ន្ធក៏មានសេចក្តីសោមនស្សរីករាយ ដែលបានសហការរៀបចំព្រឹត្តិការណ៍កីឡាជាតិនាពេលខាងមុខឱ្យដំណើរការប្រកបដោយជោគជ័យ និងជាទីមោទនៈ៕
ដោយ ហេង ណាលីន





