រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំពិនិត្យការងារត្រៀមរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់
AKP កំពង់ឆ្នាំង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦--
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅសាលារដ្ឋបាលខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពីលោក សាន់ យូ អភិបាលរងខេត្ត លោក ម៉ៅ តារ៉ា នាយករដ្ឋបាលសាលាខេត្ត អាជ្ញាធរ ក្រុង ស្រុក មន្ត្រីភូមិបាល មេឃុំ ចៅសង្កាត់ទូទាំងខេត្តផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ការធ្វើបច្ចុប្បន្នភាពក្នុងគោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋនៅភូមិឆ្ងាយៗងាយស្រួលទទួលយកសេវាសាធារណៈ និងផ្តល់ផលប្រយោជន៍ឱ្យប្រជាពលរដ្ឋ និងឱ្យអាជ្ញាធរងាយស្រួលគ្រប់គ្រង សុខសុវត្ថិភាព និងឱ្យឃុំ ភូមិ នៅជិតគ្នាសហការគ្នាល្អ ហើយធ្វើការជាមួយគ្នាឱ្យប្រជាពលរដ្ឋកាត់បន្ថយនៃការគំលាតស្របតាមគោលការណ៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ទន្ទឹមនឹងនេះឯកឧត្តមបានបន្តថា ការកំណត់ព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ គឺជាកិច្ចការដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានអនុវត្តជាបន្តបន្ទាប់ដោយក្រសួងមហាផ្ទៃ និងអាជ្ញាធរដែនដី ដើម្បីធានាឱ្យមានព្រំប្រទល់ច្បាស់លាស់ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ភាពច្បាស់លាស់នៃរដ្ឋបាល កំណត់ព្រំដែនរវាងឃុំ សង្កាត់ ស្រុក ក្រុង និងខេត្តឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ជំរុញ និងពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព។ បង្កលក្ខណៈងាយស្រួលក្នុងការរៀបចំផែនការអភិវឌ្ឍន៍ ការងាយស្រួលក្នុងការបោះឆ្នោត និងការដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងទីតាំងដីធ្លី ឬដែនសមត្ថកិច្ចផងដែរ។

ឯកឧត្តមអភិបាលខេត្តបានថ្លែងបញ្ជាក់ថា បទប្បញ្ញត្តិច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ តម្រូវឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ មានកិច្ចប្រជុំសាមញ្ញ ឬកិច្ចប្រជុំផ្សេងៗទៀត ដើម្បីពិភាក្សា និងធានាលើបញ្ហាប្រជាពលរដ្ឋ ព្រមទាំងព្រំប្រទល់ក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីកំណត់ចំនួន ឈ្មោះ និងព្រំប្រទល់ឃុំ សង្កាត់ទូទាំងខេត្តកំពង់ឆ្នាំងនិងផ្ដល់អត្ថិភាពជូនប្រជាពលេដ្ឋ៕
ដោយ បៃ ស៊ីថុន





