ឧត្ដមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាបេឡាមរណសង្គ្រោះនិងអំណោយរបស់សម្តេចធិបតី និងលោកជំទាវប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍នៅក្រុងស្ទឹងសែន
AKP កំពង់ធំ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦--
ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការនិងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំតំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោកជួន សិលាវិតប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦បាននាំយកថវិកាបេឡាមរណៈសង្គ្រោះនិងអំណោយរបស់សម្ដេចធិបតីហ៊ុន ម៉ាណែតនិងលោកជំទាវប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជននិងគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ឯក ផាន ផាន់នី អាយុ៥៦ឆ្នាំដែលបានទទួលមរណភាពដោយរោគាពាធនាពេលថ្មីៗកន្លងទៅនេះ។

លោកអនុសេនីយ៍ទោ នួន ស៊ីថាល់ ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបានឡើងអានសារលិខិតចូលរួមរំលែកទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាដោយបានគូសបញ្ជាក់អំពីប្រវត្តិរបស់លោក អនុសេនីយ៍ឯក ផាន ផាន់នី ដែលធ្លាប់បានចូលបម្រើក្នុងជួរនគរបាលនៅឆ្នាំ១៩៨៨នៅអង្គភាពស្នងការនគរបាលខេត្តកំពង់ធំ មានតួនាទីជានាយរងផ្នែកអគ្គីភ័យ ហើយក្រោយមកត្រូវបានក្រសួងមហាផ្ទៃ បានដាក់ឱ្យចូលសោធននិវត្តន៍ នៅឆ្នាំ២០២១។ លោកមានភរិយាឈ្មោះ មុជ សុភា អាយុ ៥៣ ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន៥នាក់ រស់នៅភូមិពោធិបាក់កសង្កាត់ដំរីជាន់ខ្លាក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោក អនុសេនីយ៍ឯក ផាន ផាន់នី ដែលជាអតីតយុទ្ធជនធ្លាប់មានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ ជាស្វាមី និងជាឪពុកដ៏ល្អ ក្នុងគ្រួសាររបស់លោកស្រី មុជ សុភា ដែលត្រូវជាភរិយានិងបានសូមគោរពបួងសួងដល់វិញ្ញាណក្ខន្ធគាត់ឱ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន៤លានរៀល របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវប្រគល់ជូនក្រុមគ្រួសារសព។

លោកស្រី មុជ សុភាជាភរិយានៃសពលោកអនុសេនីយ៍ឯក ផាន ផាន់នី បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងឯកឧត្ដម នួន ផារ័ត្ន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តតាមរយៈឧត្ដមសេនីយ៍ទោ សោម ស៊ុន អនុប្រធានប្រចាំការនិងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែលតែងតែគិតគូយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធរបស់យើងនៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ និងសូមគោរពជូនពរសម្ដេច ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា នៅគ្រប់ថ្នាក់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ស៊ុម វណ្ណា





