កម្រងអង្គឃ្លាំសហការជាមួយអង្គការកូហ្វាពនិងអាជ្ញាធរភូមិឃុំដឹកនាំលោកគ្រូអ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលាធ្វើយុទ្ធនាការប្រមូលកុមារចូលរៀន
AKP កំពង់ធំ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦--
កម្រងអង់ឃ្លាំសហការពីអង្គការកូហ្វាព កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦បានដឹកនាំគណៈកម្មការទ្រទ្រង់សាលារៀន លោកនាយក នាយិកា លោកគ្រូអ្នកគ្រូ អាជ្ញាធរភូមិ/ឃុំ រដ្ឋបាលប៉ុសិ៍ គណៈកម្មការគ្រប់គ្រងសាលាអាណាព្យាបាលសិស្សនិងសិស្សានុសិស្សធ្វើយុទ្ធនាការប្រមូលកុមារចូលរៀននៅក្នុងកម្រងអង់ឃ្លាំ ស្ថិតនៅក្នុងឃុំប្រឡាយស្រុកស្ទោង ខេត្តកំពង់ធំ។

លោកញង កងប្រធានកម្រងបានឱ្យដឹងថាយុទ្ធនាការប្រមូលកុមារចូលរៀននៅព្រឹកនេះគឺមានការចូលរួមពីគ្រប់សាលាទាំង១០នៅក្នុងកម្រងអង់ឃ្លាំព្រមទាំងមានការចូលរួមពីអង្គការដៃគូ អាជ្ញាធរដែនដី សំដៅធ្វើយ៉ាងណាប្រមូលកុមារដែលគ្រប់អាយុចាប់ពី៧០ខែឬ៦ឆ្នាំឱ្យមកចុះឈ្មោះចូលរៀននៅតាមសាលាបឋមសិក្សាក្នុងភូមិរបស់ខ្លួនឱ្យបានអស់ ប្រកបដោយសមធម៌និងបរិយាបន្ន ហើយការចុះឈ្មោះចូលរៀនពុំមានបង់ប្រាក់ឡើយ។

លោកប្រធានកម្រងបានបន្ថែមថាយុទ្ធនាការនៅពេលនេះជាសារមួយសម្រាប់បញ្ជូនដល់ឪពុកម្ដាយ អាណាព្យាបាលសិស្សគ្រប់រូប ជាពិសេសកុមារាកុមារីខ្លួនឯងត្រូវមកចុះឈ្មោះចូលរៀនឬនាំកូនចៅមកចុះឈ្មោះឱ្យបានគ្រប់ៗគ្នា ដែលក្នុងនោះត្រូវនាំមកជាមួយនូវសៀវភៅគ្រួសារ ឬសំបុត្រកំណើតសំដៅឆ្លើយតបតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអណត្តិទី៧ក្នុងការកសាងអភិវឌ្ឍមូលធនមនុស្សដែលជាកម្លាំងស្នូលដែលមិនអាចខ្វះបានក្នុងការកសាងអភិវឌ្ឍប្រទេសជាតិស្របតាមបរិបទឌីជីថល។

លោកគ្រូ ញង កង ប្រធានកម្រងអង់ឃ្លាំ បានអំពាវនាវដល់សិស្សានុសិស្ស អាណាព្យាបាលសិស្ស ព្រមទាំងឪពុកម្ដាយគ្រប់រូប ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ សម្រាប់ចូលរួមបើកបវេសនកាលឆ្នាំថ្មី ក៏ដូចជាត្រៀមសម្ភារសិក្សា មានផែនការអប់រំណែនាំនិងបង្រៀនក៏ដូចជារៀននៅតាមផ្ទះឱ្យបានហ្មត់ចត់បំផុត ហើយត្រូវចៀសឱ្យឆ្ងាយនៅអំពើអបាយមុខទាំងឡាយ ព្រមទាំងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនទាំងនៅផ្ទះក៏ដូចជាធ្វើដំណើរទៅមកសាលារៀន ធ្វើខ្លួនឱ្យក្លាយជាកុមារបីល្អគឺ"កូនល្អ សិស្សល្អ មិត្តល្អ" សំដៅទទួលបានលទ្ធផលល្អនៅក្នុងចុងឆ្នាំសិក្សាឆ្នាំនេះ និងជាទំពាំងស្នងឬស្សី ជាមូលធនមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។
សូមបញ្ជាក់ថាកម្រងអង់ឃ្លាំមានអគារសិក្សាសរុបចំនួន១៦ខ្នង មាន៦៧បន្ទប់ លោកគ្រូអ្នកគ្រូចំនួន ៦៦នាក់(ស្រី៤៣នាក់)សិស្សានុសិស្សចំនួន២.២១៨នាក់(ស្រី១.០៩០នាក់)៕
ដោយ ស៊ុម វណ្ណា





