កិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្ដ្រ តាមកម្មវិធីអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦-- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្ដ្រ តាមកម្មវិធីអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំមានការធ្វើបទបង្ហាញនូវវឌ្ឍនភាពការងារចំនួន២៖ ទី១. សេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍សហគមន៍ជនបទ ឆ្នាំ២០២៦-២០៣៣ ដោយប្រធាននាយកដ្ឋានអភិវឌ្ឍន៍ភូមិ និងសហគមន៍ជនបទ និងទី២. សេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រស្ដីពី ការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ ឆ្នាំ២០២៦-២០៣៣ ដោយ លោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ។

អង្គប្រជុំបានពិភាក្សាយ៉ាងល្អិតល្អន់ និងផ្ដល់ធាតុចូលដ៏មានសារៈសំខាន់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រដែលក្រុមការងារបច្ចេកទេសបានរៀបចំ ដើម្បីបំពេញបន្ថែមលើចំណុចខ្វះចន្លោះ ធ្វើឱ្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយអាចអនុវត្តបានជាក់ស្ដែង សម្រេចដោយជោគជ័យមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់។

ឯកឧត្ដមរដ្ឋមន្រ្ដីបានផ្ដល់អនុសាសន៍ដល់នាយកដ្ឋានជំនាញ ឱ្យដាក់បញ្ចូលនូវធាតុចូលដែលទទួលបានពីអង្គប្រជុំទៅក្នុងសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រនេះ ដើម្បីធានាថា ផែនការយុទ្ធសាស្ដ្រដែលបានរៀបចំ និងសម្រេចដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ មានសង្គតិភាពទៅនឹងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





