ព្រះចៅអធិការវត្តស្វាយរមៀតប្រគល់គ្រឿងឧបភោគបរិភោគជូនសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដើម្បីរួមចំណែកជួយប្រជាពលរដ្ឋជួបការខ្វះខាត
AKP សៀមរាប ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦-- ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះចៅអធិការវត្តបារាយមហានិទីរតនារាម ហៅវត្តស្វាយរមៀត នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះបានប្រគល់គ្រឿងឧបភោគបរិភោគជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ និងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្រីក្រ គ្រួសារងាយរងគ្រោះ និងប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតដោយសារគ្រោះធម្មជាតិផ្សេងៗ។

ការប្រគល់អំណោយនេះគឺជាការបង្ហាញពីព្រះទ័យសប្បុរសធម៌ និងការចូលរួមចំណែករបស់វិស័យព្រះពុទ្ធសាសនា ក្នុងការជួយដល់សង្គម ជាពិសេសប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ និងអ្នកដែលទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះអាសន្នផ្សេងៗ។ សម្ភារៈសម្រាប់ប្រគល់ជូនរួមមាន៖ អង្ករ២តោន ទឹកបរិសុទ្ធ១០០ កេស មី៥០កេស ទឹកត្រី៣០យួរ ទឹកស៊ីអ៊ីវ៣០យួរ ត្រីខ ២០យួរ និងបច្ច័យ៤លានរៀល។

ព្រះសច្ចានុបាល នឿម វុទ្ធី មានថេរដីកាថា ការចែករំលែក និងការជួយគ្នាទៅវិញទៅមក គឺជាគុណធម៌ដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធបរិស័ទគ្រប់រូបគួរប្រកាន់ខ្ជាប់ និងអនុវត្តក្នុងជីវិតប្រចាំថ្ងៃ។ ការជួយអ្នកដែលកំពុងជួបការលំបាក មិនថាជំនួយតិចឬច្រើននោះទេ គឺសុទ្ធតែមានតម្លៃ និងអាចជួយសម្រាលបន្ទុកជីវភាពរបស់ពួកគាត់បានមួយកម្រិត។

លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថាការទទួលបានអំណោយពីព្រះសង្ឃនាពេលនេះ គឺជាកម្លាំងគាំទ្រដ៏មានសារៈសំខាន់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងការបន្តបេសកកម្មមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងគ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយផ្សេងៗ ឱ្យទទួលបានការយកចិត្តទុកដាក់ និងការជួយសម្រាលការលំបាកទាន់ពេលវេលា។សកម្មភាពនេះក៏បានឆ្លុះបញ្ចាំងពីការរួមចំណែករបស់ព្រះពុទ្ធសាសនា និងសប្បុរសជន ក្នុងការកសាងសង្គមមួយដែលពោរពេញដោយសេចក្តីស្រឡាញ់ ក្តីមេត្តា ការចែករំលែក និងការមិនបោះបង់គ្នាក្នុងគ្រាលំបាក។

ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធ ព្រះសមុហ៍គណខេត្តសៀមរាប បានមានថេរដីកាថា «ក្នុងនាមជាអ្នកបួសក្នុងព្រះពុទ្ធសាសនា យើងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍មេត្តា ករុណា និងការចែករំលែក។ នៅពេលឃើញប្រជាពលរដ្ឋកំពុងជួបការលំបាក យើងមានសេចក្តីអាណិតអាសូរ និងចង់ចូលរួមចំណែកជួយតាមលទ្ធភាពដែលយើងមាន។ ព្រះអង្គសង្ឃឹមថា គ្រឿងឧបភោគបរិភោគទាំងនេះ នឹងត្រូវបានបន្តយកទៅជួយដល់បងប្អូនប្រជាពលរដ្ឋដែលពិតជាមានតម្រូវការ ជាពិសេសគ្រួសារក្រីក្រ និងអ្នកដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ»។ ព្រះអង្គក៏បានអំពាវនាវដល់ព្រះសង្ឃ ពុទ្ធបរិស័ទ សប្បុរសជន និងគ្រប់មជ្ឈដ្ឋាន សូមបន្តចូលរួមក្នុងសកម្មភាពមនុស្សធម៌ តាមរយៈការបរិច្ចាគថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ តាមលទ្ធភាព និងសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីរួមគ្នាជួយដល់អ្នកដែលកំពុងជួបការខ្វះខាត និងលើកកម្ពស់ស្មារតីសាមគ្គីភាពក្នុងសង្គម៕
ដោយ ឃុត សៅ





