ការអភិរក្សសត្វខ្លាឃ្មុំផេនដាជាការពង្រឹងទំនាក់ទំនងសកលលោក
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ -- ខ្លាឃ្មុំផេនដាពីរក្បាល គឺ Ping Ping និង Fu Shuang បានទៅដល់សួនសត្វអាត្លង់តាកាលពីពេលថ្មីៗនេះដោយទៅពីខេត្តស៊ីឈួន។ ព្រឹត្តិការណ៍នេះ គឺជាការចាប់ផ្តើមនៃភាពជាដៃគូអភិរក្សថ្មីមួយ ដែលមានរយៈពេលមួយទសវត្សរ៍រវាងប្រទេសចិន និងសហរដ្ឋអាមេរិក។ បន្ទាប់ពីការបញ្ជូនត្រឡប់ទៅវិញនូវខ្លាឃ្មុំផេនដាជំនាន់មុនក្នុងឆ្នាំ២០២៤ ការទៅដល់នៃខ្លាឃ្មុំផេនដាទាំងនេះ ជាការបន្តនូវប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការលើវិស័យសត្វព្រៃរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដែលមានតាំងពីឆ្នាំ១៩៧២ មកម្ល៉េះ។ ដើម្បីធានាបាននូវសុខុមាលភាពរបស់ពួកវា សួនសត្វអាត្លង់តាបានធ្វើការកែលម្អទីតាំងយ៉ាងទូលំទូលាយ ខណៈដែលអ្នកជំនាញចិនបានផ្តល់ការណែនាំផ្នែកបច្ចេកទេសសម្រាប់ការរចនាជម្រក ការថែទាំ និងការព្យាបាលដោយពេទ្យសត្វព្រមទាំងមានក្រុមការងារជំនួយពិសេសមួយ ដើម្បីជួយសម្រួលដល់ដំណើរការផ្លាស់ប្តូរទីកន្លែងរស់នៅរបស់ពួកវា។
ការទៅដល់ថ្មីនេះ គឺជាផ្នែកមួយនៃកម្មវិធីអភិរក្ស និងស្រាវជ្រាវខ្លាឃ្មុំផេនដាអន្តរជាតិដ៏ទូលំទូលាយរបស់ប្រទេសចិន ដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៤ ហើយបច្ចុប្បន្នមានភាពជាដៃគូជាមួយសួនសត្វចំនួន២៦ នៅក្នុងប្រទេសចំនួន២០។ ខ្លាឃ្មុំផេនដាដែលត្រូវបញ្ជូនទៅក្រៅប្រទេស ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលពិសេស ការធ្វើចត្តាឡីស័ក និងការតាមដានក្នុងអំឡុងពេលដឹកជញ្ជូន។ នេះ គឺជាក្របខ័ណ្ឌដ៏តឹងរ៉ឹងមួយ ដែលបាននាំឱ្យមានជោគជ័យក្នុងការបង្កកំណើតកូនខ្លាឃ្មុំផេនដាចំនួន ៧៣ក្បាលនៅក្រៅប្រទេស។ ក្រៅពីការស្រាវជ្រាវបច្ចេកទេសលើការបង្កាត់ពូជការគ្រប់គ្រងជំងឺ និងការការពារជម្រក កម្មវិធីអន្តរជាតិទាំងនេះក៏ដើរតួជាគំរូដែលអាចយកទៅអនុវត្តបន្តសម្រាប់ការអភិរក្សប្រភេទសត្វនានានៅទូទាំងពិភពលោក ព្រមទាំងជួយពង្រឹងទំនាក់ទំនងល្អរវាងវប្បធម៌ និងបង្កើនការយល់ដឹងរបស់សាធារណជនផងដែរ។
យុទ្ធសាស្ត្រអភិរក្សដ៏ទូលំទូលាយរបស់ប្រទេសចិន បាននាំមកនូវជោគជ័យដ៏សំខាន់ផ្នែកបរិស្ថាន ដែលជំរុញឱ្យសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ផ្លាស់ប្តូរចំណាត់ថ្នាក់របស់ខ្លាឃ្មុំផេនដាពី «ប្រភេទសត្វជិតផុតពូជ» ទៅជា «ប្រភេទសត្វងាយរងគ្រោះ» វិញ នៅក្នុងឆ្នាំ២០១៦។តាមរយៈការរួមបញ្ចូលគ្នានូវការការពារជម្រកធម្មជាតិ បច្ចេកទេសបង្កាត់ពូជកម្រិតខ្ពស់ និងការអប់រំសាធារណៈនៅតាមប្រទេសនានា ប្រទេសចិននៅតែបន្តប្រើប្រាស់ខ្លាឃ្មុំផេនដាក្នុងនាមជាតំណាងដ៏សំខាន់សម្រាប់ជីវចម្រុះសកលលោក។ ការទៅដល់របស់ខ្លាឃ្មុំផេនដា Ping Ping និង Fu Shuang ជាការបញ្ជាក់សារជាថ្មីថា កិច្ចខិតខំប្រឹងប្រែងផ្នែកវិទ្យាសាស្ត្ររួមគ្នា អាចការពារប្រភេទសត្វដែលជិតផុតពូជបាន ព្រមទាំងជួយកសាងស្ពានតភ្ជាប់អន្តរជាតិប្រកបដោយនិរន្តរភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BRNN)





