ប្រទេសចិនប្រើប្រាស់យានយន្តអគ្គិសនីដើម្បីរក្សាលំនឹងបណ្តាញអគ្គិសនី
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ -- ប្រទេសចិនកំពុងដឹកនាំការផ្លាស់ប្តូរថាមពលសកលលោក ដែលក្នុងនោះយានយន្តអគ្គិសនី (EVs) កំពុងវិវត្តន៍ពីមធ្យោបាយដឹកជញ្ជូនធម្មតាទៅជាហេដ្ឋារចនាសម្ព័ន្ធថាមពលចល័តដ៏សំខាន់។ ដោយសារចំនួនយានយន្តអគ្គិសនីនៅក្នុងប្រទេសចិនត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ ១១០–១៦០លានគ្រឿងនៅត្រឹមឆ្នាំ២០៣០និងរហូតដល់ ៤០០លានគ្រឿងនៅត្រឹមឆ្នាំ២០៤០ ការសាកថ្មក្នុងពេលដំណាលគ្នាដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ អាចបង្កហានិភ័យដល់បណ្តាញអគ្គិសនីក្នុងទីក្រុង។ ដើម្បីទប់ស្កាត់ការផ្ទុកលើសកម្រិតនៃបណ្តាញអគ្គិសនីបច្ចេកវិទ្យា «យានយន្តទៅកាន់បណ្តាញអគ្គិសនី» (V2G) បានផ្លាស់ប្តូរដំណើរការសាកថ្មពីការប្រើប្រាស់ថាមពលធម្មតាទៅជាលំហូរថាមពលពីរទិសប្រកបដោយភាពបត់បែន។ ដំណើរការនេះអនុញ្ញាតឱ្យយានយន្តសាកថ្មក្នុងអំឡុងពេលដែលមានតម្រូវការប្រើប្រាស់អគ្គិសនីទាប និងបញ្ជូនថាមពលត្រឡប់ទៅបណ្តាញវិញក្នុងអំឡុងពេលដែលមានតម្រូវការប្រើប្រាស់ខ្ពស់។ វាក្លាយជាមធ្យោបាយបង្កើតប្រាក់ចំណូលសម្រាប់ម្ចាស់យានយន្ត ដោយអាចផ្តល់ផលចំណេញសរុបពេញមួយជីវិតប្រើប្រាស់ចន្លោះពី ១៥.០០០យន់ ទៅ ៧៥.០០០យន់ (ប្រហែល ២.២៤០ដុល្លារអាម៉េរិកទៅ ១១.១៩៨ដុល្លារអាម៉េរិក) តាមរយៈការចូលរួមផ្តល់សេវាកម្មដល់បណ្តាញអគ្គិសនី។
ដើម្បីឆ្លើយតបនឹងកង្វល់របស់សាធារណជន ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់បច្ចេកវិទ្យា V2G មិនធ្វើឱ្យថ្មឆាប់ខូចគុណភាពនោះទេ ផ្ទុយទៅវិញ វាអាចជួយពន្យារអាយុកាលប្រើប្រាស់របស់ថ្មបានថែមទៀត។ ជាទូទៅ ថ្មប្រភេទ LFP ដែលប្រើក្នុងយានយន្តអគ្គិសនី អាចសាក និងប្រើប្រាស់ពេញវដ្តបានប្រហែល ៣.០០០ដង ខណៈដែលការបើកបរធម្មតាក្នុងរយៈពេល ១០–១៥ឆ្នាំ ប្រើប្រាស់ត្រឹមតែប្រហែល ៥០០វដ្តប៉ុណ្ណោះ ដែលមានន័យថា នៅសល់សមត្ថភាពផ្ទុកថាមពលយ៉ាងច្រើន។បច្ចេកវិទ្យាដូចជា ការបញ្ជូនចរន្តជាចង្វាក់ពីរទិស ជួយកែលម្អការចែកចាយលីចូមនៅក្នុងថ្ម ហើយបច្ចេកវិទ្យា V2G ជួយរក្សាកម្រិតសាកថ្មឱ្យនៅកម្រិតមធ្យម ដើម្បីកាត់បន្ថយការខូចគុណភាពក្នុងរយៈពេលវែង និងកាត់បន្ថយហានិភ័យសុវត្ថិភាព។ បច្ចុប្បន្ននេះ ការអនុវត្តបច្ចេកវិទ្យា V2G កំពុងចាប់ផ្តើមដំណើរការនៅក្នុងទីតាំងផ្សេងៗគ្នា រួមមាន តំបន់ឧស្សាហកម្ម(ក្នុងកម្រិតចំណុចជាក់លាក់) មជ្ឈមណ្ឌលដឹកជញ្ជូនដែលមានប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ-ការផ្ទុកថាមពល-ការសាកថ្ម (ក្នុងកម្រិតខ្សែបណ្តាញ) និងប្រព័ន្ធគ្រប់គ្រងថាមពលនៅក្នុងអគារ (ក្នុងកម្រិតតំបន់)។
ដោយសម្លឹងទៅមុខក្រោមផែនការប្រាំឆ្នាំលើកទី១៥ របស់ប្រទេសចិន(ឆ្នាំ២០២៦–២០៣០) បច្ចេកវិទ្យា V2G ត្រូវបានរំពឹងថានឹងក្លាយជាទម្រង់ចម្បងនៃការផ្ទុកថាមពលរយៈពេលខ្លីបែបចែកចាយនៅក្នុងប្រទេសនេះជាពិសេស ប្រទេសចិនបានកំណត់គោលដៅសម្រេចឱ្យបាននូវសមត្ថភាពសាកថ្មបែប V2G សរុបដែលអាចលៃតម្រូវបានចំនួន ៥០លានគីឡូវ៉ាត់ នៅត្រឹមឆ្នាំ២០៣០ ហើយសមត្ថភាពផ្ទុកថាមពលតាមរយៈប្រព័ន្ធ V2G នេះ ត្រូវបានរំពឹងថានឹងកើនឡើងលើសពី ៤ពាន់លានគីឡូវ៉ាត់ម៉ោងនៅត្រឹមឆ្នាំ២០៤០។ នៅត្រឹមឆ្នាំ២០៥០ សមត្ថភាពថ្មសរុបនៃរថយន្តអគ្គិសនី (EVs) ចំនួន ៣៥០លានគ្រឿង អាចនឹងកើនដល់ ២៥ពាន់លានគីឡូវ៉ាត់ម៉ោង ដែលជាបរិមាណថាមពលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការទូទាំងប្រទេសបានពេញមួយថ្ងៃក្នុងគ្រាអាសន្ន។ នេះនឹងប្រែក្លាយកងរថយន្តអគ្គិសនីដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះឱ្យទៅជាប្រភពស្តុកថាមពលចល័តមួយ ដែលដើរតួដូចជាធនាគារថាមពលនិម្មិតដើម្បីជួយរក្សាស្ថិរភាពនៃបណ្តាញអគ្គិសនី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BRNN)





