ទីក្រុងហ្វូចូវរក្សាបេតិកភណ្ឌវប្បធម៌ឱ្យនៅស្ថិតស្ថេរតាមរយៈភាពបើកចំហ និងការផ្លាស់ប្តូរគ្នាទៅវិញទៅមក
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ -- ស្ថិតនៅលើឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសចិន តាមបណ្តោយទន្លេមីនជាំង ទីក្រុងហ្វូចូវ គឺជាទីក្រុងដ៏ស្រស់បំព្រងពោរពេញដោយភាពបៃតង និងមានប្រវត្តិសាស្ត្រជាង២.២០០ឆ្នាំ។ ទីក្រុងនេះ គឺជាការរួមបញ្ចូលគ្នារវាងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងស្មារតីនៃការបើកចំហតាមរយៈទំនាក់ទំនងផ្លូវសមុទ្រ។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងបានផ្តល់អាទិភាពដល់ការអភិរក្សបេតិកភណ្ឌតាមរយៈការថែរក្សាអគារប្រវត្តិសាស្ត្រ និងការបន្តថែរក្សាសិប្បកម្មប្រពៃណី។ ឧទាហរណ៍ដ៏លេចធ្លោមួយ គឺតំបន់ប្រវត្តិសាស្ត្រសាន់ហ្វាង ឈីស៊ាំង (មានន័យថា «ផ្លូវធំបី និងផ្លូវតូចប្រាំពីរ») ដែលត្រូវបានជួសជុលឡើងវិញដោយយកចិត្តទុកដាក់ខ្ពស់ និងក្នុងកម្រិតសមស្របមួយ។ វិធីសាស្ត្រនេះជួយរក្សាស្ថាបត្យកម្មដើមឱ្យនៅគង់វង្សខណៈដែលទីតាំងនេះនៅតែជាកន្លែងដ៏រស់រវើក ដែលប្រជាជនរស់នៅ និងជាទីតាំងសម្រាប់អាជីវកម្មវប្បធម៌សម័យថ្មីប្រកបដោយភាពរីកចម្រើន។
ការប្តេជ្ញាចិត្តរបស់ទីក្រុងហ្វូចូវក្នុងការរក្សាប្រវត្តិសាស្ត្រឱ្យនៅស្ថិតស្ថេរ ក៏បានគ្របដណ្តប់លើបេតិកភណ្ឌវប្បធម៌អរូបី និងសិប្បកម្មប្រពៃណីផងដែរ ដែលបច្ចុប្បន្នត្រូវបានបញ្ចូលកាន់តែច្រើនទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងសិល្បៈសម័យទំនើប។ កម្មវិធីបណ្តុះបណ្តាលក្នុងស្រុក និងទីតាំងឧទ្ទិសដល់ការអភិរក្សបេតិកភណ្ឌ បានអនុញ្ញាតឱ្យសិល្បករអន្តរជាតិ ដូចជាវិចិត្រករជនជាតិអ៊ីតាលី លោក ហ្វ្រេនសេស្កូ ហ្គុមបូលីអាចបញ្ចូលបច្ចេកទេសប្រពៃណី—ដូចជា ការលាបជ័រ ការគូរគំនូរលើសំបកឈើ និងសិល្បៈកាត់ក្រដាស—ទៅក្នុងស្នាដៃសិល្បៈសម័យថ្មី។ ជំនួសឱ្យការគ្រាន់តែដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ ជំនាញបុរាណទាំងនេះបានប្រែក្លាយទៅជាបទពិសោធន៍ជាក់ស្តែង និងសកម្មភាពច្នៃប្រឌិត ដែលបង្កើតបានជាចំណងផ្លូវចិត្តយ៉ាងជ្រាលជ្រៅទាំងសម្រាប់ប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរមកពីជុំវិញពិភពលោក។
ប្រវត្តិសាស្ត្រដ៏សម្បូរបែបនៃតំបន់នេះ នៅតែបន្តទទួលបានការទទួលស្គាល់ជាអន្តរជាតិ ចាប់ពីផ្លូវតូចៗក្នុងទីក្រុងរហូតដល់ទេសភាពជុំវិញជនបទ។ ចក្ខុវិស័យនៃការអភិរក្សរបស់ទីក្រុងហ្វូចូវ រួមបញ្ចូលទាំងសម្បត្តិស្ថាបត្យកម្មផ្សេងៗ ដូចជាភូមិគ្រឹះដែលមានកំពែងការពារនៅក្នុងស្រុកយ៉ុងតៃ ជាដើម។ បច្ចុប្បន្ននេះ មានភូមិគ្រឹះជាង ១៥០កន្លែងនៅទីនោះ ដែលនៅតែត្រូវបានថែរក្សាយ៉ាងល្អ ទោះបីជាធ្លាប់ត្រូវបានគេបោះបង់ចោលកាលពីអតីតកាលក៏ដោយ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិរក្សជាបន្តបន្ទាប់និងភាពជាដៃគូផ្នែកសិក្សាធិការ—រួមទាំងការផ្តល់កិត្តិយសដល់អ្នកប្រាជ្ញអន្តរជាតិល្បីៗ ដូចជាសាស្ត្រាចារ្យ មីឈែល អេ. អេសហ្សុនយី មកពីសាកលវិទ្យាល័យហាវើដ—ទីក្រុងហ្វូចូវនៅតែបន្តបង្ហាញ និងការពារសម្បត្តិវប្បធម៌ដ៏ពិសេសរបស់ខ្លួន សម្រាប់មនុស្សជំនាន់ក្រោយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BRNN)





