រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌមានគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ៣៤ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ២៦នាក់ និងរបួសចំនួន ១០១នាក់
AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦-- ក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌមានគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន៣៤ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន២៦នាក់ និងរបួសចំនួន១០១នាក់ បើធៀបនឹងឆ្នាំ២០២៥កន្លងទៅគឺកើនឡើងចំនួន១៤ករណី ស្លាប់កើនឡើងចំនួន១៦នាក់ និងរបួសកើនឡើងចំនួន៧១នាក់។
ក្រសួងមហាផ្ទៃបានឱ្យដឹងទៀតថា ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ មានចំនួន១៤ករណី មានអ្នកស្លាប់ចំនួន១២នាក់ និងអ្នករបួសចំនួន២៣នាក់។ ចំណែកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ មានចំនួន១០ករណី មានអ្នកស្លាប់ចំនួន៦នាក់ និងអ្នករងរបួសចំនួន ៥១នាក់។ ដោយឡែកនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ មាន១០ករណី មានអ្នកស្លាប់ចំនួន៨នាក់ និងអ្នករងរបួសចំនួន ២៧នាក់។ តែបើសរុបពីបិណ្ឌ១មក មានចំនួន ១៤៣ករណី មានអ្នកស្លាប់ចំនួន ៨៦នាក់ និងអ្នករងរបួសចំនួន ២៥៨នាក់។ បើធៀបនឹងឆ្នាំ២០២៥កន្លងទៅមានការកើនឡើងចំនួន ២៦ករណី អ្នកស្លាប់កើនឡើងចំនួន៦នាក់ និងអ្នករងរបួសកើនឡើងចំនួន ១០២នាក់។
ទាក់ទងទៅនឹងគ្រោះថ្នាក់ចរាចរណ៍នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា តាមការសង្កេតឃើញថានៅរាល់ឱកាសពិធីបុណ្យផ្សេងៗ ការធ្វើចរាចរណ៍តែងកើនឡើងយ៉ាងមមាញឹក ព្រមជាមួយនោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រួមទាំងជនរងគ្រោះ និងការខូចខាតទ្រព្យសម្បត្តិតែងមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់។ ភាគច្រើននៃមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីការបើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ការជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងមិនគោរពសិទ្ធិអាទិភាពជាដើម។
សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូបឱ្យយកចិត្តទុកដាក់ចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តវិធានការមួយចំនួន រួមមាន៖ ១. កុំបើកបរលើសល្បឿនកំណត់ ២. កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន ៣. ត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ ៤. ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើងសញ្ញាចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ និងសញ្ញាបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ៥. ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់ ៦. ត្រូវត្រួតពិនិត្យមុនចេញដំណើរនូវលក្ខណៈបច្ចេកទេសយានយន្តដូចជា សំបកកង់ ហ្វ្រាំង ភ្លើងបំភ្លឺ និងចង្កូតជាដើម ៧. សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនឱ្យផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូលជាដើម៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





